បរទេស៖ លោក Roberto De Zerbi អ្នកចាត់ការទូទៅរបស់ Brighton បានចេញមកបញ្ជាក់ជុំវិញពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់គាត់ពីក្លឹបចំពេលមានការរំពឹងទុកថាគាត់អាចនឹងទៅដឹកនាំក្លឹប Liverpool និងក្លឹប Barcelona ។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបធំៗទាំងនេះក៏ដោយ ក៏លោក De Zerbi បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្លឹប Brighton ដោយបញ្ជាក់ថាគាត់ផ្តោតតែលើការខិតខំប្រឹងប្រែងរបស់ក្រុមសម្រាប់ការប្រកួតដែលនៅសល់នៃរដូវកាលនេះ។

លោក De Zerbi បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “ខ្ញុំមានតែក្លឹប Brighton នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំចង់បញ្ចប់រដូវកាលនេះតាមរបៀបដ៏ល្អបំផុតជាមួយកីឡាករវ័យក្មេងរបស់យើង ដើម្បីប្រកួតប្រជែង និងឈ្នះការប្រកួតជាច្រើនតាមដែលអាចធ្វើបាន”។
នៅពេលសួរអំពីអនាគតគាត់ក៏បានបន្ថែមទៀតថា៖ “បាទ ខ្ញុំមានកិច្ចសន្យា។ ខ្ញុំមិនបានសម្រេចចិត្តអ្វីទាំងអស់។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើ Brighton – 100 ភាគរយ”៕



