ក្លឹប Bayern និយាយដល់រឿងលោក Alonso ថា

បរទេស៖ ការកាន់កាប់តំណែងរបស់លោក Alonso នៅក្លឹប Bayer Leverkusen បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ខណៈដែលគាត់បាននាំក្លឹបឡើងលើកំពូលតារាង Bundesliga ជាមួយនឹងការនាំមុខ ១០ពិន្ទុលើក្រុមម្ចាស់ជើងឯក Bayern ។ ភាពប៉ិនប្រសប់ និងភាពជាអ្នកដឹកនាំរបស់គាត់ ត្រូវបានគេកត់សម្គាល់ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗដែលកំពុងស្វែងរកអ្នកចាត់ការដែលមានទេពកោសល្យ។

Xabi Alonso Bayer Leverkusen 2023-24

ប្រធានកិត្តិយសរបស់ក្លឹប Bayern លោក Uli Hoeness បានទទួលស្គាល់ចំណាប់អារម្មណ៍របស់ពួកគេចំពោះលោក Alonso ប៉ុន្តែនៅពេលជាមួយគ្នាពួកគេក៏មើលឃើញថា ពួកគេត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប Liverpool និងក្លឹប Real Madrid ដូចគ្នា។

លោក Hoeness បានប្រាប់ Ran Sport ថា៖ “ក្លឹបដូចជា Liverpool, Real Madrid, Leverkusen និង FC Bayern កំពុងធ្វើការលើរឿងនេះ”។

ជាមួយនឹងលោក Thomas Tuchel គ្រោងនឹងចាកចេញពីក្លឹប Bayern Munich ហើយលោក Jurgen Klopp ប្រកាសពីការចាកចេញពីក្លឹប Liverpool ក្លឹបទាំងពីរកំពុងស្វែងរកអ្នកជំនួសយ៉ាងសកម្ម។ នាយកផ្នែកកីឡារបស់ក្លឹប Liverpool លោក Michael Edwards ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការចរចារដើម្បីធានាបាននូវការផ្ទេរយកលោក Alonso ប៉ុន្តែពួកគេក៏បានរក្សានៅបញ្ជីឈ្មោះបេក្ខជនផ្សេងទៀតផងដែរ រួមទាំងលោក Roberto De Zerbi និងលោក Franck Haise ផងដែរ។

ទោះបីជាថ្មីៗនេះលោក Carlo Ancelotti បានបន្តកុងត្រាជាមួយក្រុម Real Madrid ក៏ដោយក៏ក្លឹបមើលឃើញថាលោក Alonso ជាអនាគតដ៏មានសក្តានុពលក្នុងការមកគ្រប់គ្រងរយៈពេលវែង។ លើសពីនេះទៅទៀត ទំនាក់ទំនងដ៏ស៊ីជម្រៅរបស់កីឡាករវ័យ ៤២ឆ្នាំជាមួយក្លឹប ដែលគាត់បានចំណាយពេល ៥ឆ្នាំក្នុងនាមជាកីឡាករម្នាក់ និងបានជួយក្រុមអធិរាជស ឈ្នះពានរង្វាន់ Champions League លើកទី ១០របស់ពួកគេ បានធ្វើឱ្យគាត់ក្លាយជាបេក្ខភាពដ៏ទាក់ទាញសម្រាប់ក្លឹបយក្សអេស្ប៉ាញយ៉ាងខ្លាំង។

Carlo Ancelotti Real Madrid 2023-24

កិច្ចសន្យាបច្ចុប្បន្នរបស់លោក Alonso ជាមួយក្លឹប Bayer Leverkusen មានសុពលភាពរហូតដល់ឆ្នាំ២០២៦ ហើយត្រូវបានគេដឹងថាមានលក្ខខណ្ឌផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងរបស់គាត់ផងដែរ។ វាមានន័យថា អ្នកចាត់ការរូបនេះអាចមានឪកាសក្នុងការចាកចេញពីក្លឹបនៅ Bundesliga មួយនេះបាននាពេលខាងមុខ៕

Previous articleក្លឹបយក្សចំនួន ៤នៅ Premier League ចាប់អារម្មណ៍កីឡាករ Rodrygo
Next articleBarca អាចនឹងយកកីឡាករ ៤រូបនេះ ដើម្បីធ្វើជាថ្នូរផ្ទេរយកកីឡាករ Onana របស់ Everton