បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Los Angeles FC កាន់តែខិតជិតក្នុងការទទួលបានការចុះហត្ថលេខាយកខ្សែប្រយុទ្ធជើងចាស់សញ្ជាតិបារាំង ដែលគេរំពឹងថាគាត់នឹងចុះហត្ថលេខាផ្ទេរដោយគ្មានតម្លៃខ្លួនបន្ទាប់ពីព្រឹត្តិការណ៍ Euro 2024 ខណៈពេលដែលកុងត្រារបស់គាត់នឹងក្លឹប AC Milan នឹងផុតនៅថ្ងៃទី១ ខែមិថុនាខាងមុខ។ ការប្រកួតប្រជែងសម្រាប់ទ្វីបអឺរ៉ុបនឹងចប់នៅថ្ងៃទី១៤ ខែកក្កដា ហើយទីផ្សារដោះដូរក្នងប្រទេសអាមេរិកនឹងបើកនៅ ៤ថ្ងៃបន្ទាប់ទៀត។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាផ្ទេរទៅកាន់ MLS សម្រាប់រដូវកាល ២០២៤-២៥។ ក្លឹប LAFC មានសិទ្ធក្នុងការនាំយកកីឡាកររូបនេះមកកាន់ MLS ដោយពួកគេមានសិទ្ធិដំបូងក្នុងការចុះហត្ថលេខាយករូបគាត់មកកាន់ MLS មុនក្លឹបផ្សេងៗ ហើយឥឡូវនេះកំពុង ‘បញ្ចប់’ កិច្ចព្រមព្រៀងមួយនេះ។
ទោះបីជាគាត់មានអាយុច្រើនក៏ដោយ អតីតតារាឆ្នើមរបស់ក្លឹប Arsenal និងក្លឹប Chelsea នៅតែស៊ុតបញ្ចូលទីក្នុងអត្រាដ៏ច្រើន ខណៈដែលគាត់បានស៊ុតបញ្ចូលទីបាន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ដងក្នុងការបង្ហាញខ្លួន ៣៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប AC Milan នៅរដូវកាលនេះ។

កីឡាករសញ្ជាតិបារាំងរូបនេះនឹងបង្ហាញខ្លួនអោយក្រុមលោក Stefano Piolo នៅលីគ Serie A នាថ្ងៃសុក្រនេះ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្លឹប Fiorentina ដែលជាការប្រកួតដល់សំខាន់មួយ៕



