ការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ឆ្នាំ២០២៤ បានបិទបញ្ចប់ហើយ!

ព្រះសីហនុ៖ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចូលរួម​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​មហាជន​ជ្រើសរើស​ជើងឯក​ពានរង្វាន់ ឯកឧត្តម គួ​ច ចំរើន នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលស្រុក ប្រធាន​មន្ទីរ​-​អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ​២០២៤​។

លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​ការ​ប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​ឯកឧត្តម គួ​ច ចំរើន សម្រាប់​ឆ្នាំ​២០២៤ មាន​រយៈពេល ៩​ស​ប្តា​ហ៍ មាន​ក្រុម​កីឡាករ​ចូលរួម​ប្រកួត ១៦​ក្រុម ចែក​ចេញ​ជា ៤​ពូ​ល A B C D ប្រកួត​ស្មើនឹង ៣២​ប្រកួត​។ ជា​លទ្ធផល លេខ​១ បាន​ទៅ​ក្រុម​កីឡាករ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ លេខ​២​ក្រុមកីឡា​យុវជន ឃុំ​បឹង​តា​ព្រហ្ម លេខ​៣​ក្រុមកីឡា​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រៃ​នប់​។ ក្រៅពី​ជ័យ​លា​ភី​ទាំង​៣ ក៏​មាន​ពាន​ជ័យ​លា​ភី​ដូច​ជា លេខ​១ ស្បែកជើង​មាស ស៊ុត​បញ្ចូល​ទី​បាន​គ្រាប់​បាល់​ច្រើន លេខ​២ ស្រោមដៃ​មាស លេខ​៣ ក្រុម​កីឡាករ​ទទួល​បាន​កាត​ពិន័យ​ក្នុង​ការ​ប្រកួត​ច្រើន​ជាងគេ​។ ទន្ទឹម​នឹង​ការ​ប្រកួត​កីឡា​មហាជន ក៏​មាន​កីឡា​វ័យចាស់​ចូលរួម​ប្រកួត​ចំនួន ៤​ក្រុម ប្រកួត​ជា​មិត្តភាព និង​ដើម្បី​សុខភាព​ផង​ដែរ​រួម​មាន​៖ ១-​វ័យចាស់ ស​.​ស​.​យ​.​ក​.​ឃុំ​អូរ​ជ្រៅ ២-​អិ​ច​ទី​ហា​ដ ៣-​កងរាជអាវុធហត្ថ និង​៤-​ហង្ស​មាស ។

ក្នុង​ឱកាស​នោះ ឯកឧត្តម គួ​ច ចំរើន មាន​ប្រសាសន៍​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ឆ្នាំ​២០២៤ ដោយ​សង្កត់ធ្ងន់​ថា ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព​រាង​កាយ​ល្អ​សម្រាប់​មនុស្ស​គ្រប់ និង​ជា​ធនធាន​ដ៏​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​មានការ​រីក​ចម្រើន ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​កាយ និង​កីឡា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​វិស័យ​អប់រំ ក្នុង​ការ​លើកកម្ពស់​សុខមាលភាព​រាង​កាយ បញ្ញា​ស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ឧត្តមភាព​ជាតិ​លើ​ឆាក​អន្តរជាតិ តាម រយៈ​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចំរើន​ទាំង​បរិមាណ គុណភាព និង​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​គ្រប់​លំដាប់ថ្នាក់​។ មិនតែប៉ុណ្ណោះ​ការ​លេង​កីឡា​ធ្វើ​ឱ្យ​ប្រជាជន និង​យុវជន​ចៀស​ផុត​ពី​ការ​ទំនេរ​ធ្វើ​សកម្មភាព​ផ្តេសផ្តាស បង្ក​ជា​ក្រុម​បង​តូច បងធំ ពី​ការ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេង​ៗ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ដែល​បង្ក​ឱ្យ​មាន​អ​សេ្ថ​រ​ភាព​ក្នុង​សង្គម​ជាតិ​។ កីឡាករ​ត្រូវ​ទទួលយក​នូវ​លទ្ធផល​ចាញ់​-​ឈ្នះ ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់​នៃ​សេចក្តី​ថ្លៃថ្នូរ និង​ស្រប​តាម​គោលការណ៍​យុត្តិធម៌ និង​មិត្តភាព​។

ឯកឧត្តម​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ក្រុម​កីឡាករ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​យ៉ាង​ស្វិតស្វាញ ស្វាហាប់ បញ្ចេញ​នូវ​បច្ចេកទេស​ជូន​ក្រុម​រៀង​ៗ​ខ្លួន ទោះបី​អាកាសធាតុ​មិន​អំណោយផល​យ៉ាងណា តែ​ក្រុមកីឡា​របស់​យើង​ធ្វើការ​ប្រកួត​ដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព​។ ផ្តើម​ចេញពី​ការ​ប្រកួត​របស់​ក្រុម​និ​មួយ​ៗ​នា​ពេល​នេះ ធ្វើ​ឱ្យ​យើង​រក​ឃើញ​លទ្ធផល​ត្រឡប់​មក​វិញ គឺ​ការ​គាំទ្រ​សាទរ​ពី​មហាជន​ទទួល​បាន​ជ័យ​លា​ភី​នា​ពេល​នេះ​។ ការ​ទទួល​បាន​ពានរង្វាន់​ថ្ងៃនេះ គឺជា​គម្រូ​សម្រាប់​ជ្រើសរើស​បាន​កីឡាករ​ល្អ ត្រូវ​យល់​ថា ភាព​ជោគជ័យ​របស់​យើង គឺ​កើត​ចេញពី​ការ​ផ្តល់​នូវ​កិច្ចសហការ​គ្នា សាមគ្គីភាព​គ្នា​បាន​យ៉ាង​ល្អ​។ ក្នុង​នោះ​កត្តា​សំខាន់​មួយទៀត គឺ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អ្នក​ពាក់ព័ន្ធ​នានា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្របសម្រួល ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា នៃ​ការ​ប្រកួត​ឆ្នាំ​នេះ​កាន់តែ​មាន​សុក្រឹតភាព និង​ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន ដែល​យើង​ទាំងអស់​គ្នា​អាច​ទទួលយក​បាន​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​អភិបាល សង្ឃឹមថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​យើង​នឹង​ជ្រើសរើស​បាន​កីឡាករ​ល្អ​សម្រាប់​ជា​កីឡាករ​ជម្រើសជាតិ ធ្វើ​ឱ្យ​យុវជន​របស់​យើង​ស្រឡាញ់ និង​ចូល​ចិត្ត​លេង​កីឡា​កាន់តែ​ច្រើន ប្រសិនបើ​យើង​មានការ​ខិតខំ និង​ចូលរួម​គាំទ្រ​វិស័យ​កីឡា​របស់​កាន់តែ​ផុលផុស​បន្ថែម​ទៀត និង​បាន​ប្រគល់​ពានរង្វាន់​ដល់​ជ័យ​លា​ភី​លេខ​១ ដែល​ទទួល​បាន​ពាន​១ មេដាយមាស និង​ថវិកា​១០​លាន​រៀល ជ័យ​លា​ភី​លេខ​២ ទទួល​បាន​ពាន​មួយ មេដាយ​ប្រាក់ និង​ថវិកា​៧​លាន​រៀល និង​លេខ​៣​ទទួល​បាន​ពាន​១ មេដាយ​សំ​រិ​ទ្ធ និង​ថវិកា​៥​លាន​រៀល​៕

ប្រភព៖ AKP

Previous articleជម្រើសជាតិកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៦ នៅប្រទេសឡាវ
Next articleលោក Klopp និយាយអំពីការចំណាយរបស់ក្លឹប Liverpool ថា