អ្នកគាំទ្រក្លឹប Marseille នាំគ្នាប្រឆាំងការផ្ទេរយក Greenwood

បរទេស៖ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹបផ្សេងៗជាច្រើននៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីគាត់ទៅលេងខ្ចីជើងទៅកាន់ក្លឹប ​Getafe នៅ La Liga នារដូវកាល ២០២៣-២៤ នឹងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្លឹបអេស្ប៉ាញមួយនេះទៀត។ ក្លឹបដូចជា Juventus, Lazio, Valencia និង Borussia Dortmund សុទ្ធតែចាប់អារម្មណ៏លើកីឡាករ Greenwood។

Mason-Greenwood

នៅពេលនេះក្លឹប Marseille ត្រូវបានគេនិយាយថាកំពុងនាំមុខក្នុងការប្រណាំងប្រជែង និងបានដាក់សំណើរផ្លូវការទៅកាន់ក្លឹប Manchester United ហើយ។ ក្នុងនោះត្រូវបានគេអះអាងថាក្លឹប United បានត្រៀមរួចរាល់ក្នុងការអនុញ្ញាតអោយកីឡាករ Mason Greenwood ផ្ទេរទៅកាន់ប្រទេសបារាំង ជាមួយលក្ខខណ្ឌខ្ចីជើងដោយមានបញ្ចូលនៅកាតព្វកិច្ចទិញ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅកីឡដ្ឋាន Stade Velodrome បានសម្តែងការប្រឆាំងរបស់ពួកគេចំពោះកិច្ចព្រមព្រៀងក្នុងការនាំ Greenwood មកកាន់ទឹកដីខ្លួន ដោយសារតែគាត់ធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភបំពាន និងការបង្ខិតបង្ខំ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ អ្នកគាំទ្រក្លឹប Marseille ក៏ធ្លាប់បានបង្ហោះនៅ Hashtag ដែលសរសេរថា #GreenwoodNotWelcome នៅលើបណ្តាញសង្គម។

Mason Greenwood Getafe

សេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Marseille បានអោយដឹងថា៖ “នៅពេលដែលការចរចាសម្រាប់ការមកដល់របស់កីឡាករ Greenwood ត្រូវបានប្រកាស ហើយវាបានបង្កជាកំដៅ ដូច្នេះវាត្រូវតែមានការពន្យល់អោយច្បាស់ ដើម្បីចៀសវាងពីការខូចខាតដែលអាចនឹងមាន។ ហេតុអ្វីបានជាការផ្ទេរមួយនេះហាក់ដូចមានភាពយល់ច្រឡំ ខណៈដែលវាជាផលប្រយោជន៍សម្រាប់ក្លឹប”។

សមាជិកក្រុមប្រឹក្សាភិបាល Marseille រួមជាមួយនឹងអ្នកចាត់ការថ្មីលោក Roberto De Zerbi បានបង្ហាញអំពីការពេញចិត្តយ៉ាងខ្លាំងទៅលើការផ្ទេរយកកីឡាករ Greenwood ខណៈការពិភាក្សាកំពុងតែបន្ត។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ចង់ដឹងថាគាត់នឹងត្រូវលេងនៅទីណាសម្រាប់រដូវកាល ២០២៤-២៥៕

Previous articleកីឡាករ ៧រូប!! ដែលក្លឹប Man Utd ត្រៀមនឹងលក់នៅរដូវក្តៅនេះ
Next articleChelsea ចង់យកកីឡាកររបស់ Dortmund មកជំនួសកន្លែងរបស់ Raheem Sterling