បរទេស៖ ក្រោយបង្ហាញការខកចិត្តនៅ Copa America ២០២៤ បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូល ក៏បានធ្វើអោយក្រុមជម្រើសជាតិអាមេរិកសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹក។ ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកទ្វាទទួលយកគ្រូបង្វឹកថ្មី ក្នុងការមកដឹកនាំត្រៀមព្រឹត្តិការណ៍ World Cup ២០២៦។
បេក្ខភាពជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងមួយនេះ ក្នងនោះក៏មានការពិភាក្សាអំពីលោក Klopp ជាជម្រើសមកជំនួសកន្លែងរបស់លោក Behalter ដែលត្រូវបានលាលែងពីតួនាទីកាលពីពេលថ្មីៗនេះ។ បុរសសញ្ជាតិអាឡឺម៉ង់បាននឹងកំពុងធ្វើការសម្រាក់ ក្រោយគាត់បានចាកចេញពីតំណែងអ្នកចាត់ការក្លឹប Liverpool កាលពីចុងរដូវកាលមុន។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្រុមជម្រើសជាតិអាមេរិកអាចនឹងទាក់ទងនាំយកលោក Klopp មកធ្វើការដឹកនាំនៅឆាកអន្តរជាតិវិញ ដោយអាចផ្តល់អោយគាត់នៅពេលវេលាទំនេរច្រើន មិនដូចជាការគ្រប់គ្រង់នៅក្លឹប។ ហើយគាត់អាចនឹងទទួលបាននៅឪកាសក្នុងការដឹកនាំក្រុមជម្រើសជាតិអាមេរិកទៅកាន់ World Cup ខណៈដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦។
ប្រធានសហព័ន្ធបាល់ទាត់អាមេរិកលោក Cindy Parlow Cone បាននិយាយបន្ទាប់ពីការចាកចេញរបស់លោក Berhalter ភ្លាមៗថា៖ “ខ្ញុំចង់អរគុណលោក Gregg ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់គាត់ចំពោះបាល់ទាត់អាមេរិក និងក្រុមជម្រើសជាតិបុរសរបស់យើង។ ឥឡូវនេះយើងផ្តោតលើការធ្វើការជាមួយនាយកកីឡារបស់យើងលោក Matt Crocker និងប្រើប្រាស់បទពិសោធន៍របស់គាត់នៅកម្រិតខ្ពស់បំផុតនៃកីឡា ដើម្បីធានាថាយើងស្វែងរកមនុស្សត្រឹមត្រូវដើម្បីដឹកនាំក្រុមជម្រើសជាតិអាមេរិក ទៅកាន់យុគសម័យថ្មីនៃភាពជោគជ័យនៅលើទីលាន”។
វានៅតែត្រូវបានគេមើលឃើញថាតើលោក Klopp គឺជា “មនុស្សសាកសម” សម្រាប់ការងារនោះទេ ខណៈបុរសវ័យ ៥០ឆ្នាំកំពុងចំណាយពេលរីករាយជាមួយក្រុមគ្រួសារ។ ការពិភាក្សាបន្ថែមអាចត្រូវបានធ្វើឡើង ខណៈពេលដែលមានជម្រើសជាច្រើនផ្សេងទៀតសម្រាប់ ក្រុមជម្រើសជាតិអាមេរិក ដើម្បីពិចារណា៕