បរទេស៖ កីឡាករ Calafiori គឺជាប្រធានបទក្តៅក្នុងការផ្ទេរនៅទីផ្សារដោះដូរលើកនេះ ខណៈក្លឹប Arsenal គឺជាក្លឹបមួយដែលកំពុងធ្វើការលើការផ្ទេរយកគាត់។ ក្រុមកាំភ្លើងធំបានក្លាយជាក្លឹបដែលនាំមុខគេក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអ៊ីតាលី ហើយនឹងបានយល់ព្រមទៅលើសំណើរតម្លៃដែលក្លឹប Bologna បានទាមទារ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Sky Sport Italian បានអោយដឹងថាកិច្ចព្រមព្រៀងនេះកំពុងជាប់គាំង ខណៈក្លឹប Bologna កំពុងស្វែងរកនៅកែលម្អលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀង។
យោងតាមប្រភពដដែលបានអោយដឹងថា ក្លឹប Arsenal បានយល់ព្រមនៅតម្លៃផ្ទេរ ៥០លានអឺរ៉ូដែលទាមទារ ( ៤០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ)។ ប៉ុន្តែនេះមិនមែនជាអ្វីដែលក្លឹប Bologna នឹងទទួលយកនោះទេ ដោយសារក្លឹបមានបំណង់ចង់អោយបង្កើននៅតម្លៃថេរ ៤០លានអឺរ៉ួ និងបន្ថយនៅតម្លៃបន្ថែម ១០លានអឺរ៉ូវិញ។ ក្នុងពេលជាមួយគ្នានេះ ក្លឹប Bologna ក៏កំពុងសម្លឹងរកមើលការដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ដែលខាងក្លឹប Basel ធ្លាប់ធ្វើនៅពេលដែលលក់កីឡាករ Calafiori មកអោយខ្លួន។
បច្ចុប្បន្ន ក្លឹប Arsenal ត្រូវបានគេនិយាយថាមានការស្ទាក់ស្ទើរក្នុងការបន្ថែមនៅលក្ខខណ្ឌលក់នាពេលអនាគតនៅក្នុងកិច្ចព្រមព្រៀងរបស់ពួកគេជាមួយក្លឹប Bologna ប៉ុន្តែពួកគេនៅតែជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះដដែរ។
ក្លឹបកាំភ្លើងធំសង្ឃឹមថានឹងអាចបញ្ចប់ការផ្ទេរយកកីឡាករ Calagiori អោយបានមុនការប្រកួតបើករដូវកាលជាមួយនឹងក្លឹប Bournemouth នៅទីក្រុង Los Angeles កំឡុងពេលការធ្វើដំណើរទេសចរណ៍ទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី២៤ ខែកក្កដាខាងមុខ៕