បរទេស៖ ក្លឹប United កំពុងតែស្វែងរកខ្សែបម្រើការពារម្នាក់ ដោយសារតែកីឡាករ Casemiro អាចនឹងចាកចេញ។ ក្លឹបបិសាចក្រហមត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយតារាឆ្នើមក្លឹប PSG វ័យ ២៣ឆ្នាំ កីឡាករ Ugarte ដែលមានភ្នាក់ងារដូចគ្នាទៅនឹងកីឡាករចំណូលថ្មី Leny Yoro គឺលោក Jorge Mendes។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថា ប្រសិនបើការផ្ទេរនេះបរាជ័យដោយសារហេតុផលណាមួយនោះ កីឡាករសញ្ជាតិអេស្ប៉ាញ Zubimendi អាចជាជម្រើសបម្រុង។
ក្លឹប United កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករ ក្រោយស្ថិតក្រោមការគ្រប់គ្រង់របស់សហម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe។ ជាមួយនឹងខ្សែការពារ Leny Yoro និងខ្សែប្រយុទ្ធ Joshua Zirkzee បានចុះហត្ថលេខារួចហើយ នៅពេលគេសម្លឹងមើលថាតើក្លឹបនឹងនាំយក Ugarte ឬ Zubimendi មកចូលរួមជាមួយក្រុមលោក Erik ten Hag។
កីឡាករ Zubimendi ដែលមានកុងត្រាជាមួយក្លឹប Real Sociedad ដល់ឆ្នាំ២០២៧ ត្រូវបានរាយការណ៍ថាបានបដិសេធនៅឪកាសផ្ទេរទៅកាន់ក្លឹប Arsenal នៅដើមរដូវក្តៅនេះ។ គាត់បានរួមចំណែកជួយក្រុមជម្រើសជាតិអេស្ប៉ាញអោយឈ្នះ Euro នៅក្នុងឆ្នាំនេះ។ ចៃដន្យក្លឹប Man Utd ក៏កំពុងពិចារណាលើការផ្ទេរយកខ្សែបម្រើ Adrien Rabiot ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកិច្ចសន្យាជាមួយនឹងក្លឹប Juventus។
អ្នកគាំទ្របិសាចក្រហមនឹងកំពុងរង់ចាំយ៉ាងអន្ទះសារនូវអ្វីដែលកើតឡើងជាមួយនឹងកិច្ចព្រមព្រៀងជាមួយកីឡាករ Ugarte ខណៈដែលក្លឹប PSG និងក្លឹបនៅ Premier League មួយនេះមិនទាន់ព្រមព្រៀងគ្នាទៅលើតម្លៃផ្ទេរកីឡាករសញ្ជាតិអ៊ុយរូហ្គាយ។ ជាងនេះទៅទៀតក្លឹប Bayern Munich ត្រូវបានគេនិយាយថាបានចាប់អារម្មណ៍លើខ្សែបម្រើការពាររូបនេះដូចគ្នា៕