បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងអំពីពាក្យចចាមអារ៉ាមទាក់ទងនឹងកីឡាករ Casemiro អាចនឹងចាកចេញពី Old Trafford ទៅកាន់ក្លឹបនៅ Saudi Pro League គឺមានភាគរយតិច។ ការចាប់អារម្មណ៍នេះ ហាក់ធ្លាក់ចុះវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការចាកចេញនៅក្នុងរដូវក្តៅនេះ នៅតែមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។
បន្ទាប់ពីការបង្ហាញខ្លួននៅរដូវកាលដំបូងដ៏ល្អ បន្ទាប់មកទម្រង់លេងរបស់កីឡាករ Casemiro បានធ្លាក់ចុះនៅក្នុងរដូវកាល ២០២៣-២៤ ហើយការចាកចេញរបស់គាត់អាចដោយសារតែប្រាក់ឈ្នួលប្រចាំសប្តាហ៍ដែលគេគិតថាប្រហែល ៣៥ម៉ឺនផោន។ កត្តានេះបានក្លាយជាផ្នែកមួយ ដែលពាក់ព័ន្ធនឹងការកសាងក្លឹប Man Utd ឡើងវិញក្រោមការគ្រប់គ្រង់របស់លោក Sir Jim Ratcliffe ។ គោលដៅជាក់ស្តែងបំផុតសម្រាប់កីឡាករវ័យលើស ៣០ឆ្នាំដែលមានប្រាក់ចំណូលខ្ពស់ម្នាក់នេះ គឺជាក្លឹបនៅអារ៉ាប៊ីសាអូឌីត។
លោក Fabrizio Romano បានផ្សាយផ្ទុយពីនេះថាចំណាប់អារម្មណ៍របស់ក្លឹបនៅ Saudi Pro League ហាក់ធ្លាក់ចុះ ។ គាត់បាននិយាយទៅកាន់ Daily Briefing ថា៖ “ការចាកចេញរបស់ Casemiro នៅតែជាផ្នែកដល់សំខាន់នៃរឿង [ដែលក្លឹប Man Utd ផ្ទេរយកកីឡាករ Manuel Ugarte] ប៉ុន្តែនិយាយដោយស្មោះត្រង់ខ្ញុំមិនអាចបញ្ជាក់អ្វីបានទេទាក់ទងនឹងពាក្យចចាមអារ៉ាមថា United កំពុងមានបញ្ហាក្នុងការលក់គាត់ …។ ការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតក្នុងការចុះហត្ថលេខាយក Casemiro នៅតែមាន ប៉ុន្តែពេលខ្លះវាគ្រាន់តែត្រូវការពេលវេលាដើម្បីព្រមព្រៀងទៅលើកុងត្រា តម្លៃផ្ទេរ និងអ្វីផ្សេងទៀត”។
កីឡាករ Casemiro បានធ្វើជាប្រធានក្រុម Manchester United កំឡុងពេល Pre-season ខណៈពេលដែលកីឡាករ Bruno Fernandes កំពុងសម្រាក់វិស្សមកាលក្រោយព្រឹត្តិការណ៍ Euro ២០២៤។ គាត់នឹងបន្តធ្វើប្រធានក្រុមនេះក្នុងរយៈពេលខ្លី ហើយសម្រាប់លោក Erik ten Hag នៅតែមើលឃើញថាកីឡាករសញ្ជាតិប្រេស៊ីលនៅតែជាផ្នែកមួយនៃក្រុមរបស់គាត់។ ក្លឹបបិសាចក្រហមហោះហើរទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍រដូវក្តៅ ដោយនឹងត្រូវប្រកួតជាមួយក្រុម Arsenal នៅទីក្រុង Los Angeles នៅថ្ងៃទី២៧ ខែកក្កដា៕