បរទេស៖ យោងតាមការចេញផ្សាយរបស់ L’Equipe បានឱ្យដឹងថា ក្លឹបនៅរដ្ឋកាលីហ្វ័រញ៉ា បានធ្វើដំណើរការក្នុងការពិភាក្សាជាមួយនឹងកីឡាករវ័យ ៣៣ឆ្នាំ។ កីឡាករ Griezmann អាចនឹងផ្ទេរបាននៅក្នុងរដូវក្តៅនេះក្នុងតម្លៃ ១០លានអឺរ៉ូ ដោយសារតែលក្ខខណ្ឌផ្តាច់កុងត្រាដែលមានជាមួយនឹងក្លឹប Atletico Madrid។ គាត់នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយនឹងក្លឹប ហើយក្លឹបក៏មិនពន្យាកុងត្រាបន្ថែមទៀតអោយគាត់ផងដែរ។
របាយការណ៍បាននិយាយថាក្លឹប LAFC បានដាក់សំណើរទៅកាន់កីឡាករ Griezmann ដែលនឹងធ្វើអោយគាត់ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេលំដាប់ទី២នៅ MLS បន្ទាប់ពីកីឡាករ Lionel Messi របស់ក្លឹប Inter Miami។ ខ្សែប្រយុទ្ធរូបនេះបានបើកចំហអំពីបំណងប្រាថ្នារបស់គាត់ក្នុងការទៅលេងនៅ MLS មុនពេលគាត់បញ្ចប់អាជីពរបស់ខ្លួន ហើយការផ្ទេរនៅក្នុងរដូវក្តៅនេះ គឺជាលទ្ធភាពដែលប្រាកដជាអាចទៅរួច។
កីឡាករ Griezmann នឹងក្លាយជាកីឡាករសញ្ជាតិបារាំងទី៣ ដែលបានផ្ទេរទៅកាន់ក្លឹប LAFC បន្ទាប់ពីអ្នកចាំទី Hugo Lloris ចុះហត្ថលេខាចូលរួមជាមួយក្លឹបនៅខែមករាឆ្នាំនេះ មុនពេលខ្សែប្រយុទ្ធ Olivier Giroud បានមកចូលរួមពីក្លឹប AC Milan ក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗ។
កីឡាករ Griezmann នឹងពិចារណាលើការផ្តល់ជូនពីខាង MLS ហើយធ្វើការសម្រេចចិត្តលើជំហានបន្ទាប់របស់គាត់។ គាត់អាចជ្រើសរើសធ្វើការផ្ទេរនៅរដូវក្តៅនេះ ឬចំណាយពេលមួយឆ្នាំទៀតជាមួយក្រុមរបស់លោក Diego Simeone មុនពេលចាប់ផ្តើមដំណើរផ្សងព្រេងនៅអាមេរិក៕