បរទេស៖ ជាមួយនឹងខ្សែបម្រើកណ្តាល Kevin De Bruyne របស់ Man City ជិតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ធ្វើអោយម្ចាស់ជើងឯក Premier League កំពុងសម្លឹងរកមើលជម្រើសមកជំនួសគាត់។ កីឡាករសញ្ជាតិបែលហ្ស៊ិកដែលដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម Man City ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Saudi Pro League ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់នៅទឹកដី Etihad នឹងផុតនៅរដូវក្តៅឆ្នាំ២០២៥ ដែលធ្វើអោយលោក Pep Guardiola មានពេលវេលាក្នុងស្វែងរកអ្នកជំនួស។
ថ្នាក់ដឹកនាំរបស់ក្លឹប City ជឿជាក់ថា Musiala ដែលជាកីឡាករមានទេពកោសល្យម្នាក់ ហើយក៏មានសក្តានុពលក្នុងការមកស្នងតំណែងបន្តពីកីឡាករ De Bruyne។ ខាងក្លឹប Man City រីករាយនៅពេលដែលដឹងថាកីឡាករសញ្ជាតិអាឡឺម៉ង់មិនបានបិទទ្វារក្នុងការផ្ទេរទៅកាន់ប្រទេសអង់គ្លេសនាពេលអនាគតនោះទេ។
នៅពេលត្រូវបានសួរអំពីកុងត្រាជាមួយក្លឹប Bayern ដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦ កីឡាករ Musiala បានប្រាប់ Welt Am Sonntag ថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅ FC Bayern ហើយបានផ្តោតទាំងស្រុងលើគោលដៅរបស់យើង។ ការលេងនៅបរទេសដូចជា Bellingham? ខ្ញុំមិនគិតពីកន្លែងដែលខ្ញុំនឹងទៅ។ ក្នុងរយៈពេលប្រាំឆ្នាំ អ្វីៗតែងតែអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពបាល់ទាត់”។
កីឡាករ Musiala កើតនៅប្រទេសអាឡឺម៉ង់ ប៉ុន្តែធំធាត់នៅប្រទេសអង់គ្លេស ហើយកីឡាករ Musiala បានអភិវឌ្ឍន៍នៅជំនាញបាល់ទាត់របស់គាត់នៅក្លឹបអង់គ្លេសចំនួនពីរគឺក្លឹប Southampton និង Chelsea មុនពេលត្រលប់ទៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយក្រុមយុវជនរបស់ Bayern Munich ។ ក្នុងរយៈពេលមួយឆ្នាំ Musiala បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Bayern ហើយបានធ្វើខ្លួនអោយក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹប។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហាញខ្លួន ១៦៦លើកសម្រាប់ក្លឹប Bayern នៅគ្រប់ការប្រកួតទាំងអស់ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣១ដង។
ខណៈដែល Musiala បានក្លាយជាតួអង្គសំខាន់នៅ Bayern Munich ការចរចាកិច្ចសន្យារវាងកីឡាករ និងក្លឹបត្រូវបានគេរាយការណ៍ថាបានជួបបញ្ហា។ ក្លឹប Bayern បានពិភាក្សាជាមួយនឹងកីឡាករ Musiala ទៅលើការពង្រឹងនៃកុងត្រារបស់គាត់កាលពីរដូវកាលមុន ប៉ុន្តែដំណើរការចរចាគឺស្ថិតក្នុងភាពជាប់គាំងក្នុងអំឡុងពេលរដូវក្តៅ។
សម្រាប់ពេលនេះ ការផ្តោតអារម្មណ៍ភ្លាមៗរបស់កីឡាករ Musiala នៅតែផ្តោតលើភារកិច្ចអន្តរជាតិរបស់គាត់ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ កីឡាករវ័យ ២១ឆ្នាំ គឺជាផ្នែកមួយនៃក្រុមត្រៀមសម្រាប់ការប្រកួត UEFA Nations League ដ៏សំខាន់ជាមួយហុងគ្រី និងហូឡង់ នៅថ្ងៃទី៧ និង១០ ខែកញ្ញា៕