បរទេស៖ ក្លឹប Barcelona សង្ឃឹមថានឹងចុះហត្ថលេខាយកបានទាំង Jonathan Tah និង Joshua Kimmich ដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូររដូវក្តៅក្រោយ ប៉ុន្តែដើម្បីធ្វើរឿងនេះបាន ពួកគេត្រូវការភាពច្បាស់លាស់អំពីអនាគតរបស់ De Jong និង Araujo ។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាអ្នកទាំង ២ទទួលបានការផ្តល់ជូនអោយស្នាក់នៅបន្ត ប៉ុន្តែមិនទាន់មានទំនាក់ទំនងចង់ចុះកុងត្រាថ្មីនៅឡើយទេ។
កីឡាករ Araujo និង De Jong ជាប្រធានក្រុមទីពីរ និងទីបីនៅ Barcelona ប៉ុន្តែពួកគេមិនទាន់បង្ហាញអំពីបំណងអនាគតរបស់ខ្លួននោះទេ។ កីឡាករ Araujo មិនទាន់បញ្ជាក់ថាគាត់នឹងស្នាក់នៅបន្តនោះទេ បើទោះបីជាមានការប្រជុំជាច្រើនដងដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំពេលមានការចាប់អារម្មណ៍ពីក្លឹប Bayern Munich ខណៈដែល De Jong មានសំណើរនៅលើតុតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ប៉ុន្តែមិនទាន់បានចុះហត្ថលេខាលើវាដូចគ្នា។
កុងត្រារបស់ De Jong និង Araujo នឹងផុតនៅឆ្នាំ២០២៦ ហើយប្រសិនបើពួកគេមិនមានបំណង់ក្នុងការបន្តស្នាក់នៅជាមួយក្លឹបនោះទេ Barcelona អាចនឹងដាក់លក់ពួកគេនៅរដូវក្តៅក្រោយ។ កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខា Kimmich និង Tah គឺអាស្រ័យលើការចាកចេញ។
Barcelona បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង La Liga ដោយបានឈ្នះការប្រកួតទាំងបួនរបស់ពួកគេមកទល់ពេលនេះ។ ក្លឹប Barca នឹងត្រូវប្រកួតជាមួយក្លឹប Girona នៅចុងសប្តាហ៍នេះ៕