Mohamed Salah បានបង្ហាញពីការខកចិត្តរបស់គាត់ដែល Liverpool ខកខានមិនបានចូលរួមប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ ក្រុមហង្សក្រហមនឹងត្រូវទៅលេងនៅ UEFA Europa League បន្ទាប់ពីបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ 5 ក្នុងក្របខ័ណ្ឌ Premier League។
Manchester United បានយកឈ្នះ Chelsea ៤-១ កាលពីថ្ងៃព្រហស្បតិ៍ (២៥ ឧសភា) បច្ចុប្បន្នកំពុងឈរក្នុងចំណាត់ទី 3។ ក្រុម Newcastle United ទទួលបានកៅអីក្នុងការប្រកួតក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី 4ក្នុងតារាងក្របខ័ណ្ឌ Premier League។
ប៉ុន្មានវិនាទីបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅ Old Trafford ខ្សែប្រយុទ្ធក្រុមហង្សក្រហម Salah បានផ្ញើសារទៅកាន់អ្នកគាំទ្រ Liverpool ។ គាត់និយាយថា គាត់ខូចចិត្ត ហើយមានអារម្មណ៍ថា អ្នកគាំទ្រសមនឹងទទួលបានការលទ្ធផលប្រសើរជាងនេះ ដោយសរសេរថា៖
«ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ វាគ្មានលេសអ្វីទាំងអស់។ យើងមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីធ្វើឱ្យវាឈានដល់ Champions League ឆ្នាំក្រោយ ប៉ុន្តែយើងបរាជ័យ។ ខ្ញុំសុំទោស ដែលធ្វើឲ្យក្រុម និងអ្នកគាំទ្រខកចិត្ត»។
គួររំលឹកឡើងវិញផងដែរថា Salah ធ្លាប់លេងនៅ Europa League ជាមួយ AS Roma និង ACF Fiorentina ប៉ុន្តែមិនដែលលេងក្នុងពានរង្វាន់មួយនេះជាមួយហង្សក្រហមទេ។ ក្នុងការបង្ហាញខ្លួនចំនួន 28 លើកសម្រាប់រដូវកាលដ៏ខកចិត្តនេះ រូបគាត់ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 7 ដង៕



