បរទេស៖ លោក Mikel Arteta គឺជាអ្នកកោតសរសើរកីឡាករសញ្ជាតិអង់គ្លេស Ollie Watkins ហើយក្រុមកាំភ្លើងធំកំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ការស្វែងរកខ្សែប្រយុទ្ធថ្មីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍បានដាក់សំណើរដំបូងរបស់ខ្លួន ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Aston Villa ហើយបើទោះបីមានសំណើរថ្មី ក៏ត្រូវបានមើលឃើញក្លឹប Aston Villa នឹងមិនអនុញ្ញាតអោយខ្សែប្រយុទ្ធរូបនេះចាកចេញនោះទេ។ ដោយឡែកបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Aston Villa មានការខឹងយ៉ាងខ្លាំងចំពោះពេលវេលាដែលក្លឹប Arsenal បានដាក់សំណើរដែលមានតម្លៃ ៦០លានផោន ព្រោះតែវាមុនពេលការប្រកួត Champions League របស់ក្លឹប Aston Villa ជាមួយនឹង Celtic។

កីឡាករវ័យ ២៩ឆ្នាំរូបនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Unai Emery ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួតនៅ Premier League នៅរដូវកាលនេះ ហើយគាត់នៅសល់កុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Ollie Watkins បានធំឡើងក្នុងនាមជាអ្នកគាំទ្រក្លឹប Arsenal ហើយកាលពីឆ្នាំ២០២០ គាត់មានក្តីស្រម៉ៃក្នុងការទៅចូលរួមជាមួយក្លឹបកាំភ្លើងធំផងដែរ។
លោក Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានស្នើឱ្យក្លឹបនាំយកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីកីឡាករ Gabriel Jesus ត្រូវបានសម្រាកក្នុងរដូវកាលដែលសល់ដោយសារតែបញ្ហាររបួសជង្គង់។
គាត់បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “យើងបានបាត់បង់កីឡាករសំខាន់ពីរនាក់នៅ Bukayo Saka និង Gabriel Jesus ។ យើងខ្វះការស្វែងរកការស៊ុតបញ្ចូលទី យើងខ្វះមនុស្ស ហើយយើងខ្វះជម្រើស។ វាច្បាស់ណាស់។ ប្រសិនបើយើងអាចទទួលបានកីឡាករត្រឹមត្រូវ នោះហើយជាមូលហេតុដែលយើងកំពុងសម្លឹងរកមើល។ ពួកយើងកំពុងធ្វើការលើរឿងនេះ បាទ។ កីឡាករណាម្នាក់? ទេ។ នរណាម្នាក់ដែលអាចជួយយើងអោយប្រសើរឡើង។ យើងត្រូវការជំនួយខ្លះ”។

ដោយសារ Jesus អវត្តមានពេញមួយរដូវកាល ហើយខ្សែបម្រើស្លាប Saka នៅមិនទាន់ជាសះស្បើយ បានធ្វើអោយ Arteta ប្តេជ្ញាចិត្តក្នុងការនាំយកខ្សែប្រយុទ្ធថ្មី ខណៈដែលក្រុមរបស់គាត់កំពុងតែតាមប្រជែងជាមួយក្លឹប Liverpool នៅកំពូលតារា Premier League៕



