បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dorgu នឹងធ្វើដំណើរទៅកាន់ Manchester នៅចុងសប្តាហ៍នេះ ដើម្បីបំពេញការផ្ទេរទៅក្រុម Premier League ក្នុងតម្លៃ ៣៥លានអឺរ៉ូ។ លោកបានបន្ថែមថា ការពិនិត្យសុខភាពរបស់កីឡាករវ័យ ២០ឆ្នាំគួរតែធ្វើឡើងនៅថ្ងៃសៅរ៍ ហើយមិនមានបញ្ហាជាមួយឯកសារ ឬកិច្ចសន្យាទេ។

តំណែងខ្សែការពារឆ្វេងគឺជាបញ្ហាមួយសម្រាប់ Man Utd ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររបួសរយៈពេលយូររបស់ Tyrell Malacia និង Luke Shaw ។ បិសាចក្រហមនឹងសង្ឃឹមថាបញ្ហាទាំងនោះត្រូវបានបញ្ចប់ជាមួយនឹងការចុះហត្ថលេខាលើកីឡាករសញ្ជាតិដាណឺម៉ាក Dorgu ។
កីឡាករ Dorgu បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់នៅក្រុម Husum Boldklub នៅ Copenhagen មុនពេលផ្លាស់ទៅ FC Nordsjaelland ក្នុងឆ្នាំ២០២០។ Lecce បាននាំគាត់មកក្នុងឆ្នាំ២០២៣ ហើយពេលនេះគាត់បានបន្តមកកាន់ Old Trafford។

កីឡាករ Dorgu អាចក្លាយជាកីឡាកររបស់ Man Utd នៅពេលក្រុមរបស់លោក Ruben Amorim ទទួលភ្ញៀវ Crystal Palace នៅថ្ងៃអាទិត្យក្នុង Premier League ៕



