បរទេស៖ នាយកផ្នែកកីឡារបស់ Napoli លោក Giovanni Manna បានបញ្ជាក់ថា ក្លឹបកំពុងធ្វើការយ៉ាងសកម្មលើដំណោះស្រាយទាក់ទងនឹងអនាគតរបស់ Victor Osimhen ។
កីឡាករ Osimhen គឺជាកីឡាករដែលត្រូវក្លឹបផ្សេងរកនៅក្នុងទីផ្សារដោះដូរខែមករា ដែលក្លឹបទាំងនោះរួមមាន Chelsea និង Saudi Pro League Al Ahli បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះបានប្តូរក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបយក្សទួរគី Galatasaray ជាកន្លែងដែលគាត់មានទម្រង់លេងល្អដោយរកបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួន ២៦លើក។
លោក Giovanni Manna បានប្រាប់ Sky ក្នុងប្រទេសអ៊ីតាលីថា “Victor តែងតែក្លាយជាប្រធានបទដែលជជែកគ្នាយ៉ាងក្តៅគគុក ហើយមិនត្រឹមតែនៅលើទីផ្សារដោះដូរកីឡាករប៉ុណ្ណោះទេ” ។
“គាត់ជាកីឡាករដែលគួរអោយចាប់អារម្មណ៍សម្រាប់ក្លឹប គាត់មានលក្ខខណ្ឌផ្តាច់កុងត្រា ហើយគ្រប់គ្នាដឹងរឿងនេះ យើងកំពុងធ្វើការស្វែងរកដំណោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចជៀសវាងនូវអ្វីដែលបានកើតឡើងកាលពីឆ្នាំមុន”៕



