បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Kaveh Solhekol អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាកាលពីថ្ងៃអង្គារខាងក្លឹប Real Madrid បានទាក់ទងជាមួយក្លឹប Liverpool ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យអនុញ្ញាតអោយកីឡាករ Alexander-Arnold ចាកចេញក្នុងពេលឆាប់ៗ ខណៈដែលពួកគេចង់បញ្ចូលខ្សែការពាររូបនេះទៅក្នុងក្រុមសម្រាប់ការប្រកួត Club World Cup របស់ពួកគេ។ កុងត្រារបសកីឡាករសញ្ជាតិអង់គ្លេសជាមួយក្លឹប Liverpool នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ហើយក្លឹប Real Madrid នឹងចាប់ផ្តើមប្រកួត Club World Cup ជាមួយនឹងក្រុម Al-Hilal នៅថ្ងៃទី១៨ ខែមិថុនា។
ហើយបើតាមការចេញផ្សាយរបស់ AS បានអោយដឹងថានាយកផ្នែកកីឡារបស់ហង្សក្រហមលោក Richard Hughes នឹងអនុញ្ញាតឱ្យលោក Alexander-Arnold ចាកចេញមុននេះប្រសិនបើគាត់យល់ព្រមបោះបង់ប្រាក់ឈ្នួល ២សែនផោនក្នុងមួយសប្តាហ៍របស់គាត់សម្រាប់ខែមិថុនា។ ក្លឹប Real Madrid នឹងផ្តល់ថ្លៃផ្ទេរ ៦សែនអឺរ៉ូ ដើម្បីបញ្ចុះបញ្ចូល Liverpool ឱ្យអនុញ្ញាតឱ្យគាត់ចាកចេញពី Anfield មុនពេល ប៉ុន្តែលោក Hughes បានទាមទារ ១លានអឺរ៉ូ៕