បរទេស៖ ទោះបីជាទទួលបានពានរង្វាន់ Europa League មែន ប៉ុន្តែពេលវេលារបស់លោក Postecoglou នៅភាគខាងជើងទីក្រុងឡុងដ៍បានឈានដល់ទីបញ្ចប់ភ្លាមៗ ដែលជំរុញឱ្យ Spurs ធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការកំណត់អត្តសញ្ញាណគ្រូបង្វឹកថ្មី។ ហើយបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian បានអោយដឹងថាប្រធាន Daniel Levy និងក្រុមប្រឹក្សា Tottenham ឥឡូវនេះកំពុងថ្លឹងថ្លែងថាតើត្រូវដំណើរការលក្ខខណ្ឌផ្តាច់កុងត្រារបស់លោក Frank ដែលមានតម្លៃ ១០លានផោន ឫយ៉ាងណា ខណៈដែលពួកគេមានបំណងផ្លាស់ប្តូរការដឹកនាំរបស់ក្លឹបឡើងវិញបន្ទាប់ពីយុទ្ធនាការក្នុងស្រុកដ៏ខកចិត្ត។
បន្ទាប់ពីទទួលបានឡើងមកលេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេសក្នុងឆ្នាំ ២០២០-២០២១ លោក Frank បានរក្សាការប្រកួតប្រជែងយ៉ាងខ្ជាប់ខ្ជួនសម្រាប់ Brentford ដោយកាលពីរដូវកាលកន្លងមកពួកគេស្ថិតនៅលេខ១០ នៃលីគ ហើយមាន ៥៦ពិន្ទុ។ Spurs បានចាប់ផ្តើមកិច្ចពិភាក្សាក្រៅផ្លូវការរួចហើយអំពីរឿងនេះ ដើម្បីធ្វើការវាយតម្លៃលទ្ធភាពនៃកិច្ចព្រមព្រៀងមួយ បើទោះបីជាតម្លៃដែលបានដាក់សំណើរ គឺនៅឆ្ងាយពីអ្វីដែលក្លឹប Brentford ចង់បាន។
ប្រហែលជាកន្លែងដ៏អាក្រក់បំផុតរបស់លោក Postecoglou គឺក្លឹប Spurs ស្ថិតនៅលេខរៀងទី១៧ នៃតារា Premier League ដោយមានត្រឹមតែ ៣៨ពិន្ទុ។ នោះបានកត់សម្គាល់ពីទម្រង់លេងដ៏អាក្រក់បំផុតរបស់ក្លឹបនៅ Premier League និងការបញ្ចប់លីគដ៏អន់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩១៤-១៥ ។ ហេតុដូច្នេះហើយ ទោះបីជាជោគជ័យក្នុងក្របខ័ណ្ឌ Europa League ក៏ដោយ ប៉ុន្តែការបរាជ័យនៃក្របខ័ណ្ឌ Premier League គឺបង្ហាញអំពីសារៈសំខាន់ក្នុងការសម្រេចចិត្ត។
ខណៈពេលដែលលោក Frank ឈរនៅលើបញ្ជីដែលចង់បានរបស់ Tottenham គាត់មិនមែនជាឈ្មោះតែមួយគត់ក្នុងការប្រជែងគ្នានោះទេ។ លោក Marco Silva របស់ Fulham ក៏ត្រូវបានចាប់អារម្មណ៍ដោយគណៈគ្រប់គ្រង់របស់ក្លឹប Spurs ជាមួយនឹងការងារដែលគាត់បានធ្វើនៅ Craven Cottage ។ ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេមើលឃើញថាជាជម្រើសបន្ទាប់បន្សំនៅដំណាក់កាលនេះ។ គ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola និងអ្នកគ្រប់គ្រងក្លឹប Crystal Palace លោក Oliver Glasner ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមុខតំណែងនេះដែរ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការធានាបានធ្វើឱ្យការខិតខំប្រឹងប្រែងទាំងនោះមិនទំនង៕