បរទេស៖ ក្លឹប Liverpool បានធ្វើអោយមានការភ្ញាក់ផ្អើលដោយការឈ្នះពានរង្វាន់ Premier League ក្នុងអំឡុងពេលដឹកនាំរដូវកាលដំបូងរបស់លោក Slot ហើយវាហាក់ដូចជាបុរសសញ្ជាតិហូឡង់កំពុងព្យាយាមធ្វើរឿងនេះផ្តល់ទៀតសម្រាប់រដូវកាល ២០២៥-២៦។ ប្រភពមួយចំនួនបានអោយដឹងថាក្លឹបហង្សក្រហមជិតឈានដល់ការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Wirtz ក្នុងតម្លៃ ១៥០លានអឺរ៉ូ ហើយបន្ទាប់មកនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ទៀត។

កីឡាករ Isak គឺជាកីឡាករដែលមានកេរ្តិ៍ឈ្មោះនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីយុទ្ធនាការដ៏លេចធ្លោមួយសម្រាប់ក្លឹប Newcastle ប៉ុន្តែខាងក្លឹប Liverpool ត្រូវបានគេជឿថាកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធស៊ុយអែតរូបនេះ។ វាទំនងជានឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ១០០លានផោនទៀត ដើម្បីនាំយកកីឡាកររូបនេះពីក្លឹបសារិកាព្រៃបន្ទាប់ពីគាត់បានជួយក្រុមរបស់ Eddie Howe ឈ្នះពានរង្វាន់ Carabao Cup និងធានាបាននូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
កីឡាករ Isak រកបាន ២៧គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន។ គាត់កុងត្រានៅ St James’ Park រហូតដល់ឆ្នាំ២០២៨។

ប្រសិនបើ Newcastle បរាជ័យក្នុងវគ្គជម្រុះសម្រាប់ការប្រកួតកំពូលរបស់អឺរ៉ុបនៅរដូវកាលក្រោយ នោះអាចនឹងមានឱកាសខ្ពស់ដែលកីឡាករ Isak នឹងចាកចេញនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វាទំនងជាថាក្លឹបនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ចុះបញ្ចូលកីឡាករសញ្ជាតិស៊ុយអែតឱ្យបន្តនៅជាមួយ Newcastle United ទោះបីជាមានការចាប់អារម្មណ៍ពី Liverpool ក៏ដោយ៕



