បរទេស៖ ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាកំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់កីឡាករ Reinier Jesus ដែលជាការចុះហត្ថលេខាមានតម្លៃ ៣០លានអឺរ៉ូកាលពីឆ្នាំ២០២០ ដោយគាត់មិនបានបង្ហាញខ្លួនជាមួយក្រុមដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ដោយគ្មានក្លឹបណាមួយដែលមានបំណងទិញគាត់ និងគ្មានតួនាទីនៅក្នុងក្រុម ខ្សែបម្រើប្រេស៊ីលអាចនឹងត្រូវបានគេអនុញ្ញាតអោយចាកចេញ ដើម្បីស្វែងរកឱកាសថ្មីនៅកន្លែងផ្សេង មុនពេលកិច្ចព្រមព្រៀងរបស់គាត់ផុតកំណត់នៅឆ្នាំ២០២៦។

កីឡាករ Reinier បានចូលរួមជាមួយ Real Madrid ក្នុងខែមករាឆ្នាំ២០២០ ពីក្លឹប Flamengo ប៉ុន្តែមិនដែលមានលក្ខណៈពិសេសក្នុងការប្រកួតផ្លូវការសម្រាប់ក្រុមឈុតធំនោះទេ។ គាត់បានចេញទៅក្លឹបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង ៤ដង ជាមួយក្លឹប Borussia Dortmund, Girona, Frosinone និង Granada ប៉ុន្តែមិនទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថា កិច្ចសន្យារបស់គាត់ដំណើរការរហូតដល់ឆ្នាំ២០២៦ ហើយគ្មានក្លឹបចាប់អារម្មណ៍គាត់នោះទេ ដូច្នេះខាងក្លឹប Real Madrid ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់កុងត្រារបស់កីឡាកររូបនេះ៕



