បរទេស៖ ក្លឹប Leeds កំពុងតាមដានកីឡាករ Artem Dovbyk របស់ Roma ខណៈដែលក្លឹបគ្រោងនឹងចាប់ផ្តើមការដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធ បន្ទាប់ពីក្លឹប Leeds បានចាត់ទុកថាតម្លៃផ្ទេររបស់កីឡាករ Rodrigo Muniz ខ្ពស់ពេក។
ការផ្លាស់ប្តូររបស់កីឡាករ Dovbyk ទៅកាន់ប្រទេសអ៊ីតាលី មិនទាន់បានបញ្ចប់នៅឡើយទេ ខណៈដែលក្លឹប Roma បានរំពឹងទុកនៅពេលដែលពួកគេបានចំណាយប្រាក់ ៣៨.៥លានអឺរ៉ូ។ នៅពេលនេះក្លឹនៅអ៊ីតាលីចង់លក់គាត់វិញ ពីព្រោះតែគាត់មិនស្ថិតនៅក្នុងគម្រោងរបស់ក្លឹបនោះទេ។ បើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Leeds នៅតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែននៅរដូវក្តៅនេះ ហើយបានបញ្ជូនអ្នកតំណាងរបស់ពួកគេទៅមើលគាត់ក្នុងអំឡុងពេលប្រកួតមិត្តភាពរបស់ Roma ទល់នឹង Everton។ ក្រុមដែលទើបឡើងមកកាន់ Premier League បានចាប់អារម្មណ៍លើ Rodrigo Muniz ប៉ុន្តែបានលុបចោលផែនការទាំងនោះ បន្ទាប់ពី Fulham បានកំណត់តម្លៃ ៤៧លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធម្នាក់នេះ៕



