បរទេស៖ យោងតាមកាសែត The Standard បានឱ្យដឹងថា កីឡាករ Lewis-Skelly នឹងមិនមែនជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវជួបក្រុមស៊ែប៊ី ក្នុងការប្រកួតជម្រុះ World Cup បន្ទាប់នៅកីឡដ្ឋាន Rajko Mitic នាទីក្រុង Belgrade នៅថ្ងៃអង្គារនេះទេ។ លោក Tuchel បានកោះហៅកីឡាករ ២៤ នាក់ឱ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតវគ្គជម្រុះ ហើយកីឡាករ Lewis-Skelly បានហ្វឹកហាត់ជាមួយក្រុមនៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែច្បាប់របស់ UEFA បានចែងថាមានតែកីឡាករ ២៣ នាក់ប៉ុណ្ណោះដែលអាចស្ថិតនៅក្នុងបញ្ជីក្រុមសម្រាប់ការប្រកួតបាន ដូច្នេះខ្សែការពារស្លាបរបស់ Arsenal រូបនេះត្រូវបានដកចេញ។

អតីតកីឡាកររបស់ក្លិប Liverpool កីឡាករ Jarell Quansah ត្រូវបានដកចេញពីបញ្ជីក្រុមក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិអង់គ្លេសទៅលើ Andorra កាលពីថ្ងៃសៅរ៍ ប៉ុន្តែខ្សែការពារកណ្តាលរូបនេះបានត្រលប់មកក្រុមវិញជំនួសកីឡាករ Lewis-Skelly។ ការដកខ្សែការពារស្លាបឆ្វេងរូបនេះចេញពីក្រុម ឥឡូវនេះមានន័យថា លោក Tuchel អាចនឹងផ្តល់ឱកាសឱ្យកីឡាករ Djed Spence របស់ក្លិប Tottenham បង្ហាញខ្លួនជាលើកដំបូងសម្រាប់ជម្រើសជាតិអង់គ្លេស ខណៈដែលកីឡាករ Tino Livramento របស់ក្លិប Newcastle ក៏ជាជម្រើសមួយផ្សេងទៀតផងដែរនៅក្នុងតួនាទីនោះ។
របាយការណ៍នេះក៏បានបន្ថែមផងដែរថា កីឡាករ Marc Guehi ដែលបានទទួលរងរបួសក្រលៀនក្នុងអំឡុងពេលប្រកួតជាមួយ Andorra បានជាសះស្បើយពេញលេញហើយ ហើយនឹងចូលរួមក្នុងជម្រើស ១១នាក់ដំបូងរបស់លោក Tuchel ទល់នឹងក្រុមស៊ែប៊ី។

ការចាកចេញមុនកាលកំណត់របស់កីឡាករ Lewis-Skelly ពីក្រុមជម្រើសជាតិអង់គ្លេស គឺជាដំណឹងល្អសម្រាប់គ្រូបង្វឹក Arsenal លោក Mikel Arteta ព្រោះកីឡាករវ័យក្មេងរូបនេះនឹងទទួលបានការឈប់សម្រាកមួយថ្ងៃបន្ថែមទៀត ដើម្បីស្តារឡើងវិញ និងបន្តការហ្វឹកហាត់ជាមួយក្រុមកាំភ្លើងធំមុនពេលការប្រកួត Premier League ទល់នឹងក្លិប Nottingham Forest នៅថ្ងៃសៅរ៍ខាងមុខ៕



