បរទេស៖ អតីតខ្សែប្រយុទ្ធបារាំង និងជាម្ចាស់ជើងឯក World Cup ឆ្នាំ ១៩៩៨ លោក Dugarry បានចេញមុខការពារអតីតប្រធានក្រុម និងជាគ្រូបង្វឹកក្រុមជម្រើសជាតិបច្ចុប្បន្ន លោក Didier Deschamps នៅក្នុងជម្លោះរវាងក្លិប PSG និងសហព័ន្ធបាល់ទាត់បារាំង (FFF)។ ក្លិប PSG បានបង្ហាញការខកចិត្តរបស់ពួកគេ បន្ទាប់ពីកីឡាករ Dembele និង Desire Doue រងរបួស ដោយបានបន្ទោសទៅលើលោក Deschamps និងក្រុមគ្រូបង្វឹករបស់គាត់។ ផ្ទុយទៅវិញ លោក Dugarry ជឿថាវាគឺជាក្លិប PSG ទៅវិញទេដែលមិនបានគ្រប់គ្រងពេលវេលាលេងរបស់កីឡាករទាំងពីរដោយឆ្លាតវៃ។
ជ័យជម្នះ ២-០ របស់បារាំងទៅលើអ៊ុយក្រែន បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយកីឡាករ Dembele បានរងរបួសសរសៃពួរជើងត្រឹមតែ ៣០ នាទីប៉ុណ្ណោះ បន្ទាប់ពីចូលលេងជាកីឡាករបម្រុងនៅតង់ទីពីរ ខណៈដែលកីឡាករ Doue មានបញ្ហាសាច់ដុំកំភួនជើង។ បេក្ខភាពឈ្នះពាន Ballon d’Or រូបនេះត្រូវបានគេរំពឹងថានឹងអវត្តមាន ៦ សប្តាហ៍ ខណៈដែលកីឡាករ Doue នឹងអវត្តមានប្រហែល ៤ សប្តាហ៍។
យោងតាមអ្នកកាសែត Fabrice Hawkins បានឱ្យដឹងថា ក្លិប PSG ពិតជាខឹងសម្បារយ៉ាងខ្លាំងចំពោះការរងរបួសរបស់កីឡាករ Dembele និង Doue ដែលក្លិបម្ចាស់ជើងឯក Champions League យល់ថាជាការរងរបួស “ធ្ងន់ធ្ងរ និងអាចជៀសវាងបាន”។ ក្លិបយក្ស Ligue 1 បានចោទប្រកាន់ក្រុមបារាំងថាបានមិនអើពើនឹងការព្រមានរបស់ពួកគេអំពីស្ថានភាពវេជ្ជសាស្ត្ររបស់ខ្សែបម្រើស្លាបរូបនេះ នេះបើយោងតាមកាសែត L’Equipe។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីចុងសប្តាហ៍ លោក Deschamps បានលើកឡើងពីស្ថានភាពនេះ ហើយបានព្យាយាមទប់កំហឹងដែលកើតឡើងនៅពីក្រោយឆាក។
ពេលនិយាយនៅលើកញ្ចក់ទូរទស្សន៍ RMC Sport ជាមួយអតីតកីឡាករ Jerome Rothen លោក Dugarry បាននិយាយថា៖ «ខ្ញុំគាំទ្រ ១០០% សហព័ន្ធ និងលោក Didier Deschamps»។
«យើងដឹងថា Dembele មានរបួសជាច្រើនឆ្នាំមកហើយ។ ឥឡូវនេះគាត់រងរបួស វាគ្រាន់តែជារឿងអកុសលប៉ុណ្ណោះ។ ប្រសិនបើ PSG អាចពន្យល់ខ្ញុំ និងធ្វើឱ្យខ្ញុំជឿថា Ousmane Dembele មិនដែលលេងឱ្យក្លិបប៉ារីស នៅពេលដែលគាត់មានការហាត់ប្រាណសាច់ដុំច្រើនពេកទេ ខ្ញុំមិនជឿរឿងនេះសូម្បីតែមួយវិនាទីនោះទេ។»
«ការបោកបញ្ឆោតដែលក្លិប PSG កំពុងព្យាយាមអនុវត្តគឺជារឿងអាស្រូវ; វាគ្មានការគោរពចំពោះក្រុមជម្រើសជាតិ និងលោក Didier Deschamps ទេ។ ក្លិប PSG គឺជាអ្នកទទួលខុសត្រូវតែមួយគត់ចំពោះការហាត់ប្រាណលើសកម្រិតរបស់ Dembele។»
«ខ្ញុំយល់ពីការខកចិត្តរបស់ PSG ប៉ុន្តែក្រុមជម្រើសជាតិគឺលើសពីអ្វីទាំងអស់។ គ្រូបង្វឹកជ្រើសរើសកីឡាករមិនថាមានរឿងអ្វីកើតឡើងនោះទេ។ [PSG] មានឥទ្ធិពលលើ LFP (ស្ថាប័នគ្រប់គ្រងលីគបារាំង) រួចទៅហើយ ហើយពួកគេក៏ចង់មានឥទ្ធិពលលើ FFF និងសម្រេចចិត្តថានឹងមានអ្វីកើតឡើងនៅសហព័ន្ធដែរឬ? នៅពេលខ្ញុំឃើញប្រធានក្លិប Nasser [Al-Khelaifi] នៅក្បែរលោក Gianni Infantino ដោយពន្យល់យើងថា Club World Cup គឺជាអ្វីដែលល្អ…»។
បារាំងសង្ឃឹមថានឹងទទួលបានជ័យជម្នះពីរលើកជាប់គ្នាក្នុងអំឡុងពេលសម្រាកជម្រើសជាតិដែលកំពុងបន្តនេះ ខណៈដែលពួកគេត្រៀមខ្លួនទទួលក្រុមអ៊ីស្លង់នៅកីឡដ្ឋាន Parc des Princes នៅថ្ងៃអង្គារនេះ៕