បរទេស៖ កីឡាករ Martin Odegaard បានបង្ហាញការខកចិត្តយ៉ាងច្បាស់ បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីទីលាននៅនាទីទី ១៧ នៃការប្រកួត Premier League ទល់នឹង Nottingham Forest។ កីឡាករវ័យ ១៨ ឆ្នាំ Ethan Nwaneri បានចូលជំនួសតំណែងប្រធានក្រុមរបស់ Gunners។
Odegaard ត្រូវបានដាក់នៅកៅអីបម្រុងក្នុងការប្រកួតរបស់ Arsenal ទល់នឹង Liverpool មុនការប្រកួតជម្រើសជាតិ ដោយសារតែគាត់កំពុងមានបញ្ហារបួសស្មា ដែលគាត់បានរងរបួសបន្ទាប់ពីបានដួលខុសទម្រង់នៅលើស្មាក្នុងការប្រកួតទល់នឹង Leeds United។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិន័រវេសទាំងពីរប្រកួតអំឡុងពេលប្រកួតជម្រើសជាតិ ហើយថែមទាំងបានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតដែលពួកគេបានយកឈ្នះក្រុម Moldova យ៉ាងចាស់ដៃ ១១-១។ ជាអកុសល ប្រធានក្រុម Gunners រូបនេះបានរងរបួសនៅលើស្មាម្តងទៀត បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Morgan Gibbs-White ដែលបានបង្ខំឱ្យខ្សែបម្រើរូបនេះចាកចេញពីទីលាន។
លោកគ្រូបង្វឹក Mikel Arteta កំពុងខ្វះកីឡាករស្នូលមួយចំនួនរួចទៅហើយដូចជា Kai Havertz, Bukayo Saka និង William Saliba ដែលសុទ្ធតែមានបញ្ហារបួស។ ដូចទៅនឹង Odegaard ដែរ Saliba ក៏បានរងរបួសនៅដើមការប្រកួតទល់នឹង Reds កាលពីខែមុន ហើយត្រូវបានបង្ខំឱ្យចាកចេញពីទីលានក្នុងរយៈពេល ១០ នាទី ដំបូងនៃការប្រកួត។
ការរងរបួសរបស់ Odegaard គឺជាការខាតបង់ដ៏ធំសម្រាប់ក្លិបយក្ស Premier League រូបនេះ ដែលនឹងត្រូវប្រឈមមុខនឹងក្រុម Athletic Club ក្នុងការប្រកួតបើកឆាក Champions League នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad ដើម្បីប្រកួត Premier League ទល់នឹង Manchester City នៅថ្ងៃទី ២១ ខែកញ្ញា៕