បរទេស៖ កីឡាករ Sterling ត្រូវបានគេរាយការណ៍ថាមានសំណើពីក្លិប Champions League ដូចជា Juventus និង Bayer Leverkusen ប៉ុន្តែគាត់បានបដិសេធសំណើទាំងនោះ ដើម្បីលេងឱ្យក្លិបក្នុងទីក្រុងឡុងដ៍ និងនៅកៀកនឹងគ្រួសាររបស់គាត់។ ដូចទៅនឹង Sterling ដែរ ខ្សែការពារសញ្ជាតិបារាំង Axel Disasi ក៏បរាជ័យក្នុងការទទួលបានការផ្លាស់ប្តូរចេញពីក្រុម Chelsea ខណៈដែលទីផ្សារដោះដូរនៅតែបើកចំហរ។
អ្នកចាត់ការរបស់ Chelsea លោក Enzo Maresca បានទទួលស្គាល់ថា គាត់មិនបានឃើញកីឡាករដែលមិនស្ថិតក្នុងផែនការទាំងពីររូបនេះទេ ចាប់តាំងពីការចាប់ផ្តើមរដូវកាលថ្មី ដោយសារពួកគេបានហ្វឹកហាត់ដាច់ដោយឡែកពីក្រុមឈុតធំ ហើយថែមទាំងប្រើប្រាស់កន្លែងដាច់ដោយឡែកដូចជាបន្ទប់ផ្លាស់សំលៀកបំពាក់ និងកន្លែងហាត់ប្រាណផងដែរ។
ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ «ពួកគេជាកីឡាកររបស់ Chelsea ប៉ុន្តែនៅពេលនេះពួកគេកំពុងហ្វឹកហាត់ដាច់ដោយឡែកពីគ្នា ហើយផែនការគឺបន្តតាមរបៀបនេះ។ តាំងពីចាប់ផ្តើមរដូវកាលមក ខ្ញុំមិនបានឃើញអ្នកទាំងពីរទេ។ ខ្ញុំមិនបានឃើញ Axel ឬ Raheem ទេ។ ពួកគេហ្វឹកហាត់នៅពេលខុសគ្នា និងនៅលើទីលានផ្សេងគ្នា។ ខ្ញុំមិនបានឃើញពួកគេតាំងពីចាប់ផ្តើមរដូវកាលមក»។
ក្រុម Blues នឹងត្រលប់មកសកម្មភាពវិញនៅក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ នៅពេលដែលពួកគេធ្វើដំណើរទៅកីឡដ្ឋាន Gtech Community ដើម្បីប្រឈមមុខជាមួយក្រុម Brentford។ លោក Maresca សង្ឃឹមថាក្រុមរបស់គាត់អាចបន្តការចាប់ផ្តើមដោយមិនទាន់ចាញ់របស់ពួកគេ៕