លោក Ancelotti បង្ហើប​ពីការ​ទាក់ទង Thiago Silva ដើម្បី​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ឡើងវិញ

បរទេស៖ Silva បន្តបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្របខណ្ឌ Brazilian Serie A សម្រាប់ក្លិប Fluminense ហើយក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងខែមិថុនាផងដែរ។ គាត់បានផ្លាស់ត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញក្នុងឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Chelsea បានផុតកំណត់។

Fluminense v Cruzeiro - Brasileirao 2025

លោកគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល Ancelotti ដែលធ្លាប់បានធ្វើការជាមួយ Silva កាលពីអតីតកាលនៅក្លិប AC Milan និង Paris Saint-Germain បានបង្ហាញថាគាត់បានជជែកជាមួយខ្សែការពារកណ្តាលជើងចាស់រូបនេះកាលពីប៉ុន្មានថ្ងៃមុន។ លោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថាគាត់នឹងរីករាយក្នុងការបញ្ចូលតារាឆ្នើមរបស់ Fluminense រូបនេះទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល ប្រសិនបើគាត់បន្តបង្ហាញខ្លួនជាមួយនឹងទម្រង់លេងដ៏ទៀងទាត់សម្រាប់ក្លិបរបស់គាត់។

លោក Ancelotti បានណែនាំថា Silva ស្ថិតនៅក្នុងប្រភេទកីឡាករដូចគ្នានឹងអតីតតារាឆ្នើមរបស់ Real Madrid កីឡាករ Luka Modric និងជើងចាស់របស់ AC Milan លោក Paolo Maldini ដោយគាត់បានបន្ថែមថា៖ «Thiago Silva គឺជាកីឡាករដែលខ្ញុំស្គាល់ច្បាស់ណាស់ ខ្ញុំបានចុះកុងត្រាជាមួយគាត់សម្រាប់ក្រុម Milan និង PSG។ ខ្ញុំបាននិយាយជាមួយគាត់កាលពីដប់ថ្ងៃមុន ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ ដើម្បីធ្វើការសម្រេចចិត្ត (អំពីការកោះហៅ) ខ្ញុំមិនមើលលើលិខិតឆ្លងដែន អាយុរបស់កីឡាករនោះទេ… ខ្ញុំគិតថា ប្រសិនបើ Thiago Silva ល្អជាងអ្នកផ្សេងទៀត ខ្ញុំមិនឃើញមានបញ្ហាអ្វីឡើយ។ កាលពីឆ្នាំមុន កីឡាករល្អបំផុតម្នាក់របស់ Real Madrid គឺ Modric ដែលមានអាយុ ៤០ ឆ្នាំ។ ក្នុងឆ្នាំ ២០០៧ ខ្ញុំបានឈ្នះពាន Champions League ជាមួយ Maldini ក្នុងនាមជាប្រធានក្រុម ដែលគាត់មានអាយុ ៤០ ឆ្នាំ»។

Bolivia v Brazil - FIFA World Cup 2026 Qualifier

ក្រុមជម្រើសជាតិប្រេស៊ីលបានធានាកៅអីនៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ បន្ទាប់ពីការបញ្ចប់វគ្គជម្រុះ CONMEBOL ក្នុងអំឡុងពេលនៃការប្រកួតអន្តរជាតិខែកញ្ញា។ ឥឡូវនេះពួកគេត្រូវបានគ្រោងនឹងប្រកួតជាមួយក្រុមយក្សអាស៊ី ជប៉ុន និង កូរ៉េខាងត្បូង នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិជាប់ៗគ្នានៅខែតុលា ប៉ុន្តែវានៅតែត្រូវរង់ចាំមើលថាតើ Silva នឹងបង្ហាញខ្លួនឬអត់៕

Previous articleលោក Paolo di Canio ជឿជាក់ថា Napoli អាចទប់ទល់នឹងក្រុម Man City បាន
Next articleRomero ថា Lionel Messi នឹងចូលរួម World Cup 2026