ប្រភព៖ ក្រុម Atletico Madrid បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករ ២២ នាក់ដែលលោក Simeone បានជ្រើសរើសសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង Merseyside ដើម្បីតទល់ជាមួយម្ចាស់ជើងឯក Premier League គឺក្រុម Liverpool ក្នុងប្រកួតបើកឆាក Champions League។ កីឡាករ Alvarez និង Cardoso គឺជាកីឡាករដែលអវត្តមានគួរឲ្យកត់សម្គាល់បំផុត ប៉ុន្តែកីឡាករ Thiago Almada, Jose Maria Gimenez និង Alex Baena ក៏ត្រូវបានដកចេញពីបញ្ជីផងដែរ។
La convocatoria para Liverpool ✈️ pic.twitter.com/g6ig0lAt6t
— Atlético de Madrid (@Atleti) September 16, 2025
កីឡាករ Alvarez បានចូលលេងក្នុងជម្រើស ១១ នាក់ដំបូងក្នុងការប្រកួត La Liga ចុងក្រោយរបស់ Atletico ទល់នឹង Villarreal ប៉ុន្តែត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់បន្ទាប់ពីរងរបួសជង្គង់។ កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះមិនទាន់បានជាសះស្បើយពីរបួសនោះទេ ហើយនឹងខកខានការប្រកួតនៅអឺរ៉ុបទល់នឹងក្រុម Reds។ ថ្វីបើ Alvarez ខកខានពាក់កណ្តាលនៃការប្រកួតទល់នឹង Villarreal ក៏ដោយ ក៏គាត់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Pablo Barrios ស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរ ដែលនាំឲ្យក្រុមរបស់លោក Simeone ទទួលបានជ័យជម្នះ ២-០ យ៉ាងងាយស្រួល។
ចំណែកឯតារាជម្រើសជាតិសហរដ្ឋអាមេរិក Cardoso ដែលបានចូលរួមជាមួយ Atletico ពីក្លិប La Liga ដូចគ្នាគឺ Real Betis ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក កាលពីរដូវក្តៅកន្លងទៅ ត្រូវបានគេរាយការណ៍ថាបានរងរបួសកជើងក្នុងអំឡុងពេលហ្វឹកហាត់របស់ក្លិបកាលពីថ្ងៃច័ន្ទ ហើយនឹងមិនធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសសម្រាប់កាតព្វកិច្ច Champions League នោះទេ។
បន្ទាប់ពីប្រកួតជាមួយ Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃពុធ ក្រុម Atletico របស់លោក Simeone នឹងមានពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត La Liga បន្ទាប់របស់ពួកគេដែលត្រូវធ្វើដំណើរទៅកីឡដ្ឋានរបស់ Real Mallorca នៅថ្ងៃអាទិត្យ។ Atletico កំពុងស្ថិតនៅចំណាត់ថ្នាក់ទី ១១ ក្នុងតារាងបន្ទាប់ពីឈ្នះត្រឹមតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមបួនប្រកួតដំបូងរបស់ពួកគេ៕