បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Mason Greenwood ត្រូវបានគេប្រាប់ពីរបៀបដើម្បីឈានដល់កម្រិតកំពូលជាមួយក្រុម Marseille ខណៈដែលរូបគេបានវិលត្រឡប់មកលេងបាល់ទាត់ Champions League វិញ។ កីឡាករជនជាតិអង់គ្លេសរូបនេះកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់គាត់ជាមួយ Marseille ដោយរៀបចំខ្លួនដើម្បីប្រឈមមុខនឹងក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ឡើងវិញនៅប្រទេសបារាំងបន្ទាប់ពីចាកចេញពី Old Trafford ក្រោមភាពចម្រូងចម្រាស ហើយរាត្រីថ្ងៃអង្គារគឺជាការវិលត្រឡប់របស់គាត់ទៅកាន់ការប្រកួតបាល់ទាត់អឺរ៉ុបលំដាប់កំពូល។
ទោះបីជាកំណត់ត្រារបស់ Greenwood នៅប្រទេសបារាំងមានភាពល្អប្រសើរក៏ដោយ ដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ ប្រកួតសម្រាប់ Marseille ហើយក្នុងចំណោមនោះ ២១ គ្រាប់រកបានក្នុងលីគ Ligue 1 រដូវកាលដំបូងរបស់គាត់ រហូតបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ប៉ុន្តែអ្នករិះគន់នៅតែអះអាងថា ទិន្នន័យគ្រាប់បាល់តែមួយមុខមិនបានឆ្លុះបញ្ចាំងពីគុណភាពពេញលេញរបស់គាត់ឡើយ ព្រោះគេមិនទាន់មានឥទ្ធិពលលើការលេងទាំងមូលបាននៅឡើយទេ។
លោក Djibril Cisse អតីតខ្សែប្រយុទ្ធ Marseille បានផ្តល់ការជំរុញដ៏មានអត្ថន័យដល់ Greenwood។ លោកបាននិយាយទៅកាន់សារព័ត៌មាន L’Equipe ថា៖ “ចំណុចដែល Greenwood ត្រូវអភិវឌ្ឍបន្ថែមទៀតគឺ ត្រូវមានភាពទៀងទាត់ និងមានឥទ្ធិពលខ្លាំងជាងនេះនៅក្នុងការលេង។ យើងបានឃើញគុណភាពបច្ចេកទេសដ៏អស្ចារ្យរបស់គាត់ គាត់អាចវាយលុក គ្រប់គ្រងបាល់ទៅឆ្វេង ឬស្តាំ និងបង្កការលំបាកដល់គូប្រជែង។ ប៉ុន្តែអ្វីៗទាំងអស់នេះត្រូវតែធ្វើឡើងឲ្យបានញឹកញាប់ជាងនេះ”។
ចំណែកលោក Mamadou Niang បានព្រមានថា៖ «កីឡាករឆ្នើមមួយចំនួនអាចនឹងមានសមត្ថភាពក្នុងការមិនរត់ដេញតាមបាល់ ប៉ុន្តែមិនមែននៅក្លិប OM ទេ»។
ក្រោមការដឹកនាំរបស់លោក Roberto De Zerbi កីឡាករ Greenwood ត្រូវបានផ្តល់សេរីភាពក្នុងការបង្ហាញសមត្ថភាពវាយលុករបស់ខ្លួនឡើងវិញ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានដាក់គាត់ជាខ្សែប្រយុទ្ធស្លាបដែលអាចកាត់ចូលក្នុង ឬជាខ្សែប្រយុទ្ធផ្ទាល់នៅពេលចាំបាច់ ដើម្បីទាញយកសមត្ថភាពបញ្ចប់ទីដ៏ល្អបំផុតរបស់គាត់។ ប៉ុន្តែលោកក៏បានដាក់លក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយតម្រូវឲ្យ Greenwood ត្រូវតែតាមដានបាល់ពីក្រោយ ដាក់សម្ពាធអោយខ្លាំង និងរួមចំណែកជួយក្រុម។
គ្រូបង្វឹករូបនេះបាននិយាយអំពី Greenwood ថា៖ «គាត់ក៏បានហ្វឹកហាត់នៅផ្នែកការពារ និងការចុចសម្ពាធដែរ។ គាត់មិនបានធ្វើការក្នុងទិសដៅនោះរហូតទេ ប៉ុន្តែពេលគាត់ចង់ គាត់អាចធ្វើបាន។ អ្នកត្រូវយល់ថាប្រសិនបើគាត់ចង់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ គាត់ត្រូវតែរត់ដោយគ្មានបាល់។ ខ្ញុំបានឃើញ Mbappe, Dembele ចុចសម្ពាធដោយគ្មានបាល់។ Greenwood ក៏ត្រូវធ្វើបែបនោះដែរ»។
ការប្រកួតដ៏តានតឹងទាំងពីរនេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់ Greenwood ដើម្បីលុបបំបាត់ការសង្ស័យរបស់មហាជន។ ជាដំបូង ក្រុមរបស់លោក De Zerbi នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Bernabeu ដើម្បីប្រឈមមុខនឹងក្រុម Real Madrid របស់ Kylian Mbappe នៅថ្ងៃអង្គារនេះ ដែលជាការប្រកួតដែលអ្នកវាយប្រហាររូបនេះនឹងត្រូវបង្ហាញវិន័យ និងការលេងជាក្រុមទល់នឹងក្រុមអេស្ប៉ាញដ៏ខ្លាំងក្លាមួយ។ តែប៉ុន្មានថ្ងៃក្រោយមក Marseille នឹងត្រឡប់មកផ្ទះវិញដើម្បីតតាំងជាមួយ Paris Saint-Germain ក្នុងការប្រកួត Ligue 1 ដ៏ក្ដៅគគុក៕