បរទេស៖ លោក Luis Enrique ដែលបានដឹកនាំ PSG ឱ្យឈ្នះពាន Champions League ជាលើកដំបូងកាលពីរដូវកាលមុន បានប្រកាសថា ឧបសគ្គដ៏លំបាកបំផុតត្រូវបានយកឈ្នះរួចទៅហើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតបើកឆាក Champions League ទល់នឹងក្រុម Atalanta គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានអះអាងថា ជំនឿចិត្តនៅក្នុងក្រុមរបស់គាត់ឥឡូវនេះរឹងមាំជាងមុនបន្ទាប់ពីទទួលបានជោគជ័យដែលបានរង់ចាំជាយូរមកហើយ។
លោកបាននិយាយថា៖ «ការឈ្នះជើងឯកដំបូងតែងតែពិបាក ព្រោះកីឡាករមិនទាន់គិតថាពួកគេអាចឈ្នះបាន។ ប៉ុន្តែយើងបានបង្ហាញផ្លូវហើយ»។ «ឥឡូវនេះ ក្រុម PSG ទាំងមូល និងកីឡាករវ័យក្មេងចង់ឈ្នះ ព្រោះពួកគេដឹងថាពួកគេមានសមត្ថភាព។ សម្រាប់ខ្ញុំ វាពិបាកនឹងឈ្នះពានទីមួយជាងការឈ្នះពានទីពីរ ឬទីបីទៅទៀត»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានកំណត់មហិច្ឆតាដ៏ច្បាស់លាស់ផងដែរថា៖ «បន្ទាប់ពីឈ្នះពានអឺរ៉ុប គោលដៅរបស់យើង រួមជាមួយក្លិប ទីក្រុង និងអ្នកគាំទ្ររបស់យើង គឺដើម្បីបង្កើតប្រវត្តិសាស្ត្រម្តងទៀត និងឈ្នះពាន Champions League ពីររដូវកាលជាប់គ្នា។ យើងត្រូវតែមានមហិច្ឆតា»។
ការតាមប្រមាញ់ពាន Champions League ដ៏យូរអង្វែងរបស់ PSG បានបញ្ចប់កាលពីរដូវកាលមុនតាមរបៀបដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលពួកគេបានយកឈ្នះក្រុម Liverpool, Aston Villa និង Arsenal មុននឹងបំបាក់ក្រុម Inter ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League។ ជ័យជម្នះនេះបានបំបាត់ការរិះគន់ដែលបានចោទសួរថា តើ PSG អាចបំប្លែងភាពលេចធ្លោក្នុងស្រុកទៅជាពានអឺរ៉ុបបានដែរឬទេ។
ទោះបីជាបានបាត់បង់កីឡាករ Kylian Mbappe ដែលបានផ្លាស់ទៅ Real Madrid ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុនក៏ដោយ ក៏តារាឆ្នើមដូចជា Dembele, Donnarumma, Hakimi និង Vitinha បានរួមគ្នាបង្ហាញសមត្ថភាពដើម្បីជួយក្លិបទទួលបានជោគជ័យបំផុតមិនធ្លាប់មាន។ ឥឡូវនេះ ក្រុមរបស់លោក Enrique មានទំនុកចិត្ត និងបទពិសោធន៍ដើម្បីប្រជែងដណ្តើមពានដ៏ធំបំផុតរបស់អឺរ៉ុបម្តងទៀត។
ក្រុមជើងឯកអឺរ៉ុបនឹងចាប់ផ្តើមការពារតំណែងជើងឯក Champions League របស់ពួកគេនៅសប្តាហ៍នេះទល់នឹងក្រុម Atalanta មុនពេលមានការប្រកួត Ligue 1 ជាមួយក្រុម Marseille នៅចុងសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ PSG នឹងមិនមានកីឡាករជនជាតិបារាំងពីររូបគឺ Dembele និង Desire Doue ទេ ដែលពួកគេទាំងពីរបានរងរបួសក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិថ្មីៗនេះ៕