បរទេស៖ កិច្ចសន្យារបស់កីឡាករ Upamecano ជាមួយក្រុម Bayern គ្រោងនឹងផុតកំណត់នៅរដូវក្តៅ ឆ្នាំ ២០២៦ ហើយខណៈដែលភាគីទាំងពីរបានសម្តែងបំណងចង់បន្តនៅជាមួយគ្នា ក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយដែរ។ អ្នកតំណាងរបស់កីឡាករវ័យ ២៦ ឆ្នាំ រូបនេះ បានពិភាក្សាដំបូងជាមួយក្លិប ប៉ុន្តែការចរចាបានជាប់គាំងលើលក្ខខណ្ឌហិរញ្ញវត្ថុ និងលទ្ធភាពនៃការដាក់បញ្ចូលនូវលក្ខខណ្ឌក្នុងការលុបចោលកិច្ចសន្យា (release clause )។ ថ្នាក់ដឹកនាំក្រុម Bayern មានការប្រុងប្រយ័ត្នមិនឱ្យកើតឡើងម្តងទៀតនូវកំហុសកាលពីអតីតកាល បន្ទាប់ពីបានបាត់បង់កីឡាករ Leroy Sane ដោយឥតគិតថ្លៃកាលពីដើមឆ្នាំនេះ ហើយបានកំណត់ការបន្តកិច្ចសន្យារបស់ Upamecano ជាអាទិភាពកំពូល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារពេលវេលាកាន់តែកៀក ការខ្វះខាតការរីកចម្រើនបានបង្កការព្រួយបារម្ភក្នុងចំណោមថ្នាក់ដឹកនាំរបស់ក្រុម Bayern។
ប្រធានក្លិបលោក Herbert Hainer បានបញ្ជាក់ពីស្ថានភាពនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AZ ដោយថ្លែងថា៖ “ការចរចាកំពុងដំណើរការដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មីសម្រាប់ Dayot Upamecano។ ពិតណាស់ ខ្ញុំសង្ឃឹមថា Dayot នឹងនៅជាមួយយើងសម្រាប់រយៈពេលដ៏យូរខាងមុខ”។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Vincent Kompany កីឡាករ Upamecano បានលេចធ្លោជាថ្មីក្នុងនាមជាខ្សែការពារដែលគួរឱ្យទុកចិត្តបំផុតម្នាក់របស់ក្រុម Bayern។ ល្បឿន លទ្ធភាពនៃការគ្រប់គ្រងបាល់លើអាកាស និងសមត្ថភាពក្នុងការលេងបាល់ចេញពីតំបន់ការពាររបស់គាត់ គឺជាគន្លឹះដ៏សំខាន់សម្រាប់ប្រព័ន្ធគ្រប់គ្រងបាល់ខ្ពស់របស់លោក Kompany។ រដូវកាលនេះ គាត់បានចុះឈ្មោះកំណត់ត្រា ការបង្ខំយកបាល់ដោយជោគជ័យ (successful tackles) ច្រើនបំផុតក្នុង ៩០ នាទី នៅក្នុងក្រុម និងជាប់ចំណាត់ថ្នាក់ក្នុងចំណោម កំពូលទាំងប្រាំ សម្រាប់ការបញ្ជូនបាល់បានសម្រេចនៅក្នុងក្របខ័ណ្ឌ Bundesliga។ ក្រៅពីស្ថិតិទាំងនេះ ភាពជាអ្នកដឹកនាំ និងភាពនឹងនររបស់គាត់បានធ្វើឱ្យគាត់ក្លាយជាផ្នែកសំខាន់មួយនៃឆ្អឹងខ្នងការពាររបស់ក្រុម Bayern។

ក្រុមប្រឹក្សាភិបាលរបស់ក្រុម Bayern មិនត្រឹមតែផ្តោតលើ Upamecano ប៉ុណ្ណោះទេ។ ការចរចាក៏ត្រូវបានគ្រោងទុកជាមួយកីឡាករ Harry Kane ផងដែរ ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែរួមបញ្ចូលលក្ខខណ្ឌក្នុងការលុបចោលកិច្ចសន្យាដែលមានតម្លៃ ៦៥ លានអឺរ៉ូ (៥៥ លានផោន/៧៦ លានដុល្លា) ដែលនឹងត្រូវដំណើរការនៅក្នុងឆ្នាំ ២០២៦។ ប្រធានក្រុមជម្រើសជាតិ អង់គ្លេស រូបនេះបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ចាប់តាំងពីមកដល់ពីក្រុម Tottenham ដោយបានស៊ុតបញ្ចូលទីលើសពី ១០០ គ្រាប់ នៅក្នុងក្របខ័ណ្ឌ Bundesliga ក្នុងចំណោមការបង្ហាញខ្លួនត្រឹមតែ ១០៤ លើក ប៉ុណ្ណោះ។
នាយកផ្នែកកីឡាលោក Max Eberl ទើបតែបានបញ្ជាក់ថា ក្រុម Bayern កំពុងស្វែងរកការពង្រីកការស្នាក់នៅរបស់ Kane ឱ្យហួសពីឆ្នាំ ២០២៧៖ “ការសហការហួសពីឆ្នាំ ២០២៧ គឺពិតជាអាចទៅរួច។ គាត់ជាអ្នកដឹកនាំ ហើយយើងចង់បន្តកសាងក្រុមជុំវិញគាត់”។ Kane ក៏បានឆ្លើយតបស្រដៀងគ្នានេះ ដោយនិយាយថាគាត់ “ពិតជាសប្បាយចិត្ត” នៅទីក្រុង Munich ហើយមានចំណាប់អារម្មណ៍ចង់ឈ្នះពានបន្ថែមទៀត។ ការធានាការពង្រីកកិច្ចសន្យាសម្រាប់ទាំង Kane និង Upamecano នឹងក្លាយជាចំណុចកណ្តាលនៃចក្ខុវិស័យរយៈពេលវែងរបស់ក្រុម Bayern ក្រោមការដឹកនាំរបស់លោក Kompany។

ខណៈដែលក្រុម Bayern មានសុទិដ្ឋិនិយមក្នុងការឈានដល់កិច្ចព្រមព្រៀង ពេលវេលាមិននៅខាងពួកគេនោះទេ។ ក្រុម Real Madrid, Liverpool និង Paris Saint-Germain សុទ្ធតែកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Upamecano។ ក្រុម Madrid មើលឃើញគាត់ជាការជំនួសដ៏មានសក្តានុពលរយៈពេលវែងសម្រាប់ Antonio Rudiger, ក្រុម Liverpool មើលឃើញគាត់ជាអ្នកស្នងតំណែងដ៏ល្អឥតខ្ចោះសម្រាប់ Ibrahima Konate, ហើយក្រុម PSG ក៏បានកោតសរសើរជាយូរមកហើយចំពោះភាពជាប់លាប់របស់ខ្សែការពារ និងដើមកំណើតបារាំងរបស់គាត់។ ប្រសិនបើក្រុម Bayern បរាជ័យក្នុងការបញ្ចប់ការបន្តកិច្ចសន្យានេះឆាប់ៗ នោះក្លិបទាំងនេះអាចនឹងធ្វើសកម្មភាពយ៉ាងលឿន ជាពិសេសនៅពេលដែល Upamecano មានសិទ្ធិចរចា កិច្ចសន្យាទុកជាមុន (pre-contract) នៅខែមករា ឆ្នាំ ២០២៦៕



