បរទេស៖ ការបរាជ័យនៃ ESL ដែលបានស្នើឡើង គឺត្រូវបានបង្កឡើងដោយប្រតិកម្មតបដ៏ធំនិងឯកភាពគ្នាពីស្ទើរតែគ្រប់ផ្នែកនៃពិភពបាល់ទាត់។ ផែនការនេះ ដែលត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយ JP Morgan ពាក់ព័ន្ធនឹងក្លិបអ្នកមាន ១២ នៅអឺរ៉ុបបង្កើតការប្រកួតពាក់កណ្តាលសប្តាហ៍ដែលមាន ២០ ក្រុម និងមានលក្ខណៈ «បិទ» ដែលនឹងប្រជែងជាមួយ Champions League។ ភាពចម្រូងចម្រាសស្នូលបានកើតចេញពីរចនាសម្ព័ន្ធ «សមាជិកស្ថាបនិក» របស់ ESL ដែលនឹងធានាកន្លែងអចិន្ត្រៃយ៍សម្រាប់ក្លិបស្ថាបនិក ១៥ ដោយលុបបំបាត់លទ្ធភាពនៃការកាត់ចោល (relegation)។ នេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការក្បត់នូវ គុណធម៌កីឡា របស់បាល់ទាត់ ដែលផ្តល់រង្វាន់ដល់ក្លិបសម្រាប់ទម្រង់លេងរបស់ពួកគេ។ អ្នកគាំទ្របានដឹកនាំការតវ៉ាប្រឆាំងនឹងលីគផ្តាច់ខ្លួន ដោយធ្វើបាតុកម្មនៅខាងក្រៅកីឡដ្ឋាន និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កំហឹងរបស់ពួកគេត្រូវបានគាំទ្រយ៉ាងឆាប់រហ័សដោយអ្នកនយោបាយ អ្នកចាត់ការ និងកីឡាករ។ បន្ទាប់ពីបានឃើញកម្លាំងនៃការរិះគន់ ក្លិបអង់គ្លេសទាំង ៦ ដែលពាក់ព័ន្ធមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United, និង Tottenham សុទ្ធតែបានដកខ្លួនចេញ ដែលបង្កឲ្យការប៉ុនប៉ងនេះដួលរលំ។

ក្លិប Real Madrid ដែលត្រូវបានដឹកនាំដោយប្រធានក្លិប Florentino Pérez នៅតែជាអ្នកតស៊ូមតិដ៏សំខាន់សម្រាប់គម្រោង Super League ដោយលើកហេតុផលសម្រាប់ភាពចាំបាច់របស់វាក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ និងការប្រកួតប្រជែងរបស់បាល់ទាត់។ ពួកគេជឿថាប្រព័ន្ធបច្ចុប្បន្ន ជាពិសេសទម្រង់ Champions League គឺហួសសម័យ ហើយមិនបង្កើតចំណូល ឬចំណាប់អារម្មណ៍របស់អ្នកគាំទ្រគ្រប់គ្រាន់ទេ ជាពិសេសក្នុងចំណោមទស្សនិកជនវ័យក្មេង។ ទោះបីជាគម្រោងបានដួលរលំដំបូងក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានប្រតិកម្មតបយ៉ាងទូលំទូលាយ និងការដកខ្លួនរបស់ក្លិបស្ថាបនិកភាគច្រើនក៏ដោយ ក៏បច្ចុប្បន្ន Real គឺនៅតែម្នាក់ឯងក្នុងការបន្តគាំទ្រជាសាធារណៈនូវ Super League ដែលរស់ឡើងវិញ។ លោក Pérez បានថ្លែងថា លីគនេះ «គឺចាំបាច់ជាងពេលណាៗទាំងអស់» ហើយតំណាងឲ្យជំហានដ៏សំខាន់មួយក្នុងការ «សង្គ្រោះបាល់ទាត់»។ នាយកប្រតិបត្តិរបស់ Real Madrid គឺ Jose Angel Sanchez បានថ្លែងកាលពីខែធ្នូឆ្នាំមុនថា ក្លិបនឹង «បន្តធ្វើការលើការអនុវត្ត» ការប្រកួតប្រជែងអឺរ៉ុបថ្មីមួយ។ Real Madrid យល់ឃើញថា Super League គឺជាដំណោះស្រាយចំពោះកង្វល់អំពីភាពលេចធ្លោផ្នែកហិរញ្ញវត្ថុរបស់ Premier League និងសុខភាពរួមរបស់បាល់ទាត់ក្លិបអឺរ៉ុប។
ប្រធានក្លិប PSG គឺ Nasser Al-Khelaifi ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ក្លិបបាល់ទាត់អឺរ៉ុប (EFC) នៅទីក្រុងរ៉ូម បាននិយាយថា៖ «យើងជា គ្រួសារតែមួយ។ យើងចង់ឲ្យអ្នករាល់គ្នាត្រឡប់មកវិញ នោះជាការពិត។ Real Madrid ផងដែរ យើងចង់ឲ្យអ្នករាល់គ្នាត្រឡប់មកវិញ។ នេះគឺជាគ្រួសារ និងផ្ទះរបស់ពួកគេ វាជាផ្ទះរបស់មនុស្សគ្រប់គ្នា។ ដូច្នេះ យើងមិនត្រូវការការប្រកួតប្រជែងផ្សេងទៀតទេ; សព្វថ្ងៃនេះ យើងមានការប្រកួតប្រជែងក្លិបល្អបំផុត ហើយជាមួយទម្រង់ដែលកាន់តែប្រសើរជាងនេះទៀត។ នោះជាអ្វីដែលយើងចង់បាន ហើយវាជាអ្វីដែល Barcelona បានចង់បានរហូតមកដល់ពេលនេះ។ យើងនឹងមើលថាមានអ្វីកើតឡើងបន្ទាប់។»
PSG ពិតណាស់បានឈ្នះ Champions League កាលពីរដូវកាលមុន បន្ទាប់ពីដេញតាមពានកំពូលរបស់អឺរ៉ុបអស់ជាច្រើនឆ្នាំ ដូច្នេះប្រហែលជាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលប្រធានក្លិបរបស់ពួកគេកំពុងបើកទ្វារសម្រាប់ Real ឲ្យដើរត្រឡប់មកវិញ។ ភាគីទាំងពីរកំពុងបន្តលេងក្នុងការប្រកួតប្រជែងនេះ ហើយក្លិបទាំងពីរអាចនឹងជួបគ្នាក្នុងការប្រកួតរដូវកាលនេះផងដែរ; PSG បានយកឈ្នះគូប្រជែងដ៏អស់កល្បរបស់ Real គឺ Barcelona ក្នុងការប្រកួតអឺរ៉ុបចុងក្រោយរបស់ពួកគេ ដោយឈ្នះ ២-១។

Real Madrid រួមជាមួយ Barcelona បានសហការបង្កើត A22 Sports Management ដែលជាក្រុមហ៊ុនដែលមានភារកិច្ចផ្សព្វផ្សាយ និងជួយក្នុងការបង្កើត ESL។ A22 បានដាក់ចេញនូវសំណើដែលត្រូវបានប្តូរឈ្មោះថា «Unify League» ដែលដោះស្រាយការរិះគន់មួយចំនួននៃ ESL ដើម ជាពិសេសទិដ្ឋភាព «លីគបិទ» ដោយបញ្ចូលប្រព័ន្ធការឡើងទៅលីគកំពូល និងការកាត់ចោលដោយផ្អែកលើទម្រង់លេងលីគក្នុងស្រុក។ វាក៏រួមបញ្ចូលការប្រកួតប្រជែងរបស់ស្ត្រី និងផែនការសម្រាប់វេទិកាផ្សាយផ្ទាល់ដោយមិនគិតថ្លៃ (free-to-air streaming platform)។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅតែបន្តប្រឈមមុខនឹងការប្រឆាំង។ ប្រធានក្លិប Barcelona លោក Joan Laporta ក៏បានចូលរួមកិច្ចប្រជុំ EFC នៅទីក្រុងរ៉ូមផងដែរ ហើយបានផ្តល់សញ្ញាពីចេតនារបស់ក្លិបក្នុងការផ្សះផ្សា។ លោក Laporta បាននិយាយថា៖ «Nasser ដែលជាប្រធាន EFC បានអញ្ជើញយើង។ យើងបានទទួលយកដោយសប្បុរស; មានទំនាក់ទំនងល្អខ្លាំងណាស់។ ជាមួយ Barcelona យើងគាំទ្រដល់ការ បង្កើតសន្តិភាព ក្នុងបាល់ទាត់អឺរ៉ុប; យើងចង់បានកិច្ចព្រមព្រៀង និងការ ត្រឡឡប់ទៅ UEFA វិញ»៕



