បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអ៊ីតាលី Il Mattino បានអោយដឹងថាក្លឹប Napoli កំពុងត្រៀមផ្តល់ជូនលោក Antonio Conte នូវកិច្ចសន្យារយៈពេល ៣ឆ្នាំ ដែលធ្វើអោយគាត់នឹងក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Napoli។
លោក Conte ដែលជាអតីតអ្នកចាត់ការក្លឹប Juventus និងក្លឹប Chelsea ដែលត្រូវបានគេនិយាយថាជាជម្រើសកំពូលរបស់ប្រធានក្លឹប Napoli លោក Aurelio de Laurentiis ដើម្បីដឹកនាំក្លឹប Napoli ចាប់ផ្តើមនៅរដូវកាល ២០២៤-២៥ ។ គ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះ មិនទាន់មានការងារធ្វើនោះទេ បន្ទាប់ពីគាត់បានចាកចេញពីក្លឹប Tottenham Hotspurs។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ប្រសិនបើកិច្ចសន្យានេះបានសម្រេចមែន លោក Conte នឹងនាំមកនូវបទពិសោធន៍ដ៏សម្បូរបែប និងកំណត់ត្រាជោគជ័យសម្រាប់ក្លឹប Napoli។ នៅពេលនេះក្លឹប Napoli ត្រូវបានដឹកនាំដោយលោក Francesco Calzona ដែលបានចូលកាន់តំណែងបន្តពីលោក Walter Mazzarri ដែលត្រូវបានបណ្តេញចេញកាលពីខែកុម្ភៈ។ ក្នុងនោះលោក Calzona ត្រូវបានគេរាយការណ៍ថានឹងចូលកាន់តំណែងជាគ្រូបង្វឹកផ្លូវការរបស់ក្រុមជម្រើសជាតិស្លូវ៉ាគី៕



