បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាមានការចាប់អារម្មណ៍អំពីក្លឹបនៅ Saudi Pro League ទៅលើខ្សែប្រយុទ្ធ Joselu បើទោះបីជាកីឡាករសញ្ជាតិអេស្ប៉ាញចង់បន្តស្នាក់នៅ Bernaneu។
កីឡាករ Joselu ដែលមានវ័យ ៣៤ឆ្នាំ បានមកដល់ក្លឹប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Espanyol កាលពីរដូវក្តៅមុន ដើម្បីជាដំណោះស្រាយនៅក្នុងតំបន់ប្រយុទ្ធរបស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មានតួនាទីត្រឹមជាកីឡាករបម្រុង ប៉ុន្តែគាត់ក៏អាចរកគ្រាប់បាល់សម្រាប់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះផងដែរ ដោយបានស៊ុតបញ្ចូលទី ១៤គ្រាប់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។
ខណៈពេលដែលកិច្ចព្រមព្រៀងខ្ចីជើងរបស់ Joselu គឺជាកិច្ចសន្យាបណ្តោះអាសន្ន ប៉ុន្តែក្លឹប Real Madrid មានជម្រើស ក៏អាចជ្រើសរើសនៅជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍បាន។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះអាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងសម្រាប់ការលេងក្នុងរដូវកាលខាងមុខនេះ ជាពិសេសដោយសារតែការមកដល់របស់ Kylian Mbappe និងខ្សែប្រយុទ្ធប្រេស៊ីល Endrick ៕