ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម គួច ចំរើន នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេបស្តីពីការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ឯកឧត្តម គួច ចំរើន សម្រាប់ឆ្នាំ២០២៤ មានរយៈពេល ៩សប្តាហ៍ មានក្រុមកីឡាករចូលរួមប្រកួត ១៦ក្រុម ចែកចេញជា ៤ពូល A B C D ប្រកួតស្មើនឹង ៣២ប្រកួត។ ជាលទ្ធផល លេខ១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ លេខ២ក្រុមកីឡាយុវជន ឃុំបឹងតាព្រហ្ម លេខ៣ក្រុមកីឡាអធិការដ្ឋានគរបាលស្រុកព្រៃនប់។ ក្រៅពីជ័យលាភីទាំង៣ ក៏មានពានជ័យលាភីដូចជា លេខ១ ស្បែកជើងមាស ស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើន លេខ២ ស្រោមដៃមាស លេខ៣ ក្រុមកីឡាករទទួលបានកាតពិន័យក្នុងការប្រកួតច្រើនជាងគេ។ ទន្ទឹមនឹងការប្រកួតកីឡាមហាជន ក៏មានកីឡាវ័យចាស់ចូលរួមប្រកួតចំនួន ៤ក្រុម ប្រកួតជាមិត្តភាព និងដើម្បីសុខភាពផងដែររួមមាន៖ ១-វ័យចាស់ ស.ស.យ.ក.ឃុំអូរជ្រៅ ២-អិចទីហាដ ៣-កងរាជអាវុធហត្ថ និង៤-ហង្សមាស ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍បិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា ការលេងកីឡានាំមកនូវសុខភាពរាងកាយល្អសម្រាប់មនុស្សគ្រប់ និងជាធនធានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដែលជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិ តាម រយៈការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យកីឡាឱ្យមានការរីកចំរើនទាំងបរិមាណ គុណភាព និងលទ្ធផលល្អក្នុងការប្រកួតគ្រប់លំដាប់ថ្នាក់។ មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យប្រជាជន និងយុវជនចៀសផុតពីការទំនេរធ្វើសកម្មភាពផ្តេសផ្តាស បង្កជាក្រុមបងតូច បងធំ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ដែលបង្កឱ្យមានអសេ្ថរភាពក្នុងសង្គមជាតិ។ កីឡាករត្រូវទទួលយកនូវលទ្ធផលចាញ់-ឈ្នះ ដែលជាធាតុចូលដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។
ឯកឧត្តមបានធ្វើការកោតសរសើរចំពោះក្រុមកីឡាករដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ ស្វាហាប់ បញ្ចេញនូវបច្ចេកទេសជូនក្រុមរៀងៗខ្លួន ទោះបីអាកាសធាតុមិនអំណោយផលយ៉ាងណា តែក្រុមកីឡារបស់យើងធ្វើការប្រកួតដោយស្មារតីសាមគ្គីភាព មិត្តភាព។ ផ្តើមចេញពីការប្រកួតរបស់ក្រុមនិមួយៗនាពេលនេះ ធ្វើឱ្យយើងរកឃើញលទ្ធផលត្រឡប់មកវិញ គឺការគាំទ្រសាទរពីមហាជនទទួលបានជ័យលាភីនាពេលនេះ។ ការទទួលបានពានរង្វាន់ថ្ងៃនេះ គឺជាគម្រូសម្រាប់ជ្រើសរើសបានកីឡាករល្អ ត្រូវយល់ថា ភាពជោគជ័យរបស់យើង គឺកើតចេញពីការផ្តល់នូវកិច្ចសហការគ្នា សាមគ្គីភាពគ្នាបានយ៉ាងល្អ។ ក្នុងនោះកត្តាសំខាន់មួយទៀត គឺគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល ដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៃការប្រកួតឆ្នាំនេះកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល សង្ឃឹមថា នៅប៉ុន្មានឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជាកីឡាករជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលចិត្តលេងកីឡាកាន់តែច្រើន ប្រសិនបើយើងមានការខិតខំ និងចូលរួមគាំទ្រវិស័យកីឡារបស់កាន់តែផុលផុសបន្ថែមទៀត និងបានប្រគល់ពានរង្វាន់ដល់ជ័យលាភីលេខ១ ដែលទទួលបានពាន១ មេដាយមាស និងថវិកា១០លានរៀល ជ័យលាភីលេខ២ ទទួលបានពានមួយ មេដាយប្រាក់ និងថវិកា៧លានរៀល និងលេខ៣ទទួលបានពាន១ មេដាយសំរិទ្ធ និងថវិកា៥លានរៀល៕
ប្រភព៖ AKP