បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់នឹងទៅលេងនៅ Bundesliga នៅរដូវកាលក្រោយ ខណៈដែលក្រុម Bayern Munich អាចឈានដល់កិច្ចព្រមព្រៀងជាមួយ Fulham បន្ទាប់ពីការចរចារយ៉ាងល្អមួយ។ កីឡាករ Palhinha ត្រូវបានរំពឹងថានឹងធ្វើតេស្តសុខភាពបន្ទាប់ពីការប្រកួតជើងឯកទ្វីបអឺរ៉ុប ដោយធានាថារាល់ទម្រង់ឯកសារទាំងអស់ត្រូវបានរៀបចំរួចរាល់ មុនពេលគាត់ទៅចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ក្នុងប្រទេសអាល្លឺម៉ង់។
ជាមួយនឹងដំណើរការនៃការចរចាគ្នា កីឡាករ Palhinha បានបង្ហាញនៅបំណង់យ៉ាងច្បាស់របស់ខ្លួនក្នុងការចង់ផ្ទេរទៅកាន់ក្លឹប Bayern Munich។ ថ្មីៗនេះ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុមទាំងពីរដឹងពីទិសដៅដែលលោកពេញចិត្ត។ គាត់បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Bayern នឹងចុះហត្ថលេខាទៅលើកុងត្រាដល់ឆ្នាំ២០២៨។
ជំហរដ៏រឹងមាំរបស់ក្លឹប Fulham គឺការទាមទារនៅតម្លៃខ្លួនប្រមាណ ៦០លានផោនសម្រាប់កីឡាករ Palhinha ហើយវាជាចំនុចសំខាន់ដែលត្រូវបានពិភាក្សាគ្នា។ ទោះបីជាមានការព្យាយាមម្តងហើយម្តងទៀតពីសំណាក់ក្លឹប Bayern ក្នុងការបញ្ចុះថ្លៃផ្ទេរក៏ដោយ ក៏ក្លឹប Fulham បានបដិសេធផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងចុងក្រោយក្នុងតម្លៃ ៤៥លានអឺរ៉ូបូកនឹងតម្លៃបន្ថែមផ្សេងទៀតសម្រាប់ក្លឹប Fulham ដែលវាអាចជាការប្រកួតប្រជែងថ្មីមួយទៀតក្នុងការផ្ទេរយកកីឡាករ Palhinha។
ប្រភពដដែលបានអោយដឹងថាការព្រមព្រៀងគ្នារវាងក្លឹប Bayern និង Fulham ទៅលើតម្លៃខ្លួនរបស់កីឡាករ Palhinha បានក្លាយជាបញ្ចប់នៅការចរចាតម្លៃផ្ទេរដ៏យូរមួយ។ ជាមួយនឹងអនាគតរបស់គាត់ដែលត្រូវបានរៀបចំរួច ខ្សែបម្រើរូបនេះអាចរក្សាការផ្តោតអារម្មណ៍របស់គាត់ទាំងស្រុងលើការប្រកួតជើងឯកអឺរ៉ុប ដែលព័រទុយហ្គាល់នឹងប៉ះជាមួយបារាំងក្នុងវគ្គ 8 ក្រុមចុងក្រោយនៅល្ងាចថ្ងៃសុក្រសម្រាប់កន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕