កីឡាករ Paqueta អាចនឹងវិលទៅប្រេស៊ីលវិញ ប្រសិនជារងការពិន័យពី FA មែននោះ

បរទេស៖ កីឡាករ Paqueta កំពុងលេងតំណាងអោយប្រទេសប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក ស្របពេលដែលអនាគតរបស់គាត់ជាមួយនឹងក្លឹប West Ham United ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារតែការស៊ើបអង្កេតដែលកំពុងបន្តដោយសមាគមបាល់ទាត់ (FA) លើការចោទប្រកាន់ពីបទរំលោភលើការភ្នាល់។

ការស៊ើបអង្កេតរបស់ FA លើកីឡាករ Paqueta កើតចេញពីការចោទប្រកាន់ពីបទប្រព្រឹត្តខុសទាក់ទងនឹងការភ្នាល់លើការប្រកួត Premier League ចំនួនបួន។ យោងតាមការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កីឡាករ Paqueta ត្រូវបានចោទប្រកាន់ពីបទធ្វើអោយទទួលបានកាតលឿងដោយចេតនាក្នុងការប្រកួតចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ ប្រសិនបើត្រូវបានរកឃើញថាមានកំហុសមែននោះ កីឡាករ Paqueta អាចប្រឈមមុខនឹងការព្យួរការប្រកួតរយៈពេលវែង ដែលអាចអូសបន្លាយដល់ ១០ឆ្នាំ ដែលវាបានបង្កជាបញ្ហាសម្រាប់អាជីព និងតម្លៃខ្លួនរបស់គាត់។

Lucas Paqueta West Ham

ក្នុង​អំឡុង​ពេល​ដ៏​ចលាចល​នេះ ក្លឹប Flamengo ដែល​ជា​អតីត​ក្លឹប​របស់កីឡាករ Paqueta បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​នាំ​យកគាត់​ត្រឡប់​ទៅ​ប្រទេស​ប្រេស៊ីល​វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo បានអោយដឹងថាក្លឹប Flamengo បានចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹប West Ham ការពីជាងមួយខែមុន ហើយទោះបីជាការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់ពួកគេក៏ដោយ ក៏នៅតែមានសុទិដ្ឋិនិយមអំពីការឈានដល់កិច្ចព្រមព្រៀងមួយ។ ក្លឹប Flamengo ជាកន្លែងដែលកីឡាករ Paqueta បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីការលេងនៅក្រុមយុវជន ហើយក៏បានធ្វើការផ្ទេរដ៏ធំមួយសម្រាប់អាជីពរបស់គាត់។ ក្លឹប​ចង់ដាក់​បញ្ចូល​គាត់​ចូល​ក្នុង​ក្រុម​របស់​ពួក​គេជាថ្មី​ឡើង​វិញ ខណៈ​ដែល​ពួក​គេនឹងត្រូវ​ប្រកួត​នៅ Brasileirao, Copa Libertadores និង Copa do Brasil។

ក្លឹប Flamengo ចាត់ទុកខ្លួនឯងថាជាជម្រកដ៏សាកសមមួយសម្រាប់កីឡាករ Paqueta ចំពេលមានភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងអាជីពរបស់គាត់។ ពួកគេកំពុងធ្វើការលើផ្លូវច្បាប់រួចហើយដើម្បី “ជៀសវាងការរងគ្រោះថ្នាក់” ប្រសិនបើកីឡាករ Paqueta ត្រូវបានដាក់ពិន័យដោយ FA ដែលខាង FIFA អាចអនុវត្តជាសកល។ ពួកគេជឿថាដោយការត្រលប់ទៅក្លឹប Flamengo វិញ កីឡាករ Paqueta អាចស្វែងរកបរិយាកាសគាំទ្រដែលអាចជួយគាត់ឆ្លងផុតដំណាក់កាលដ៏ពិបាកមួយនេះ។

Lucas Paqueta West Ham 2023-24

ក្លឹប West Ham បានចំណាយលុយ ៥១លានផោនក្នុងការទិញយកកីឡាករ Paqueta ក្នុងឆ្នាំ២០២២ ដែលវាប្រឈមមុននឹងបញ្ហា។ ខណៈពេលដែលក្លឹបចង់រក្សាខ្សែបម្រើដែលបានរួមចំណែកជួយដល់ក្រុមនៅលើទីលាន ប៉ុន្តែភាពមិនច្បាស់លាស់អំពីអនាគតដោយសារតែការស៊ើបអង្កេតរបស់ FA អាចនឹងជំរុញឱ្យពួកគេពិចារណាលើការផ្ទេរមួយនេះ។ ការចរចាផ្ទេរទៅកាន់ក្លឹប Flamengo អាចនឹងត្រូវចំណាយពេលយូរ ដោយសារនៅមិនទាន់ច្បាស់ថាជាការខ្ចីជើង ឫក៏កាផ្ទេរជាអចិន្ត្រៃយ៍ ៕

Previous articleCucurella ប្រាប់ទៅ Nico Williams អោយធ្វើរឿងមួយនេះ
Next articleក្លឹបនៅ Premier League បានបើកការចរចាផ្ទេរយកខ្សែការពារ Strahinja Pavlović