Wan-Bissaka ខិតជិតការចាកចេញ ខណៈក្លឹប Man Utd ចាប់ផ្តើមផ្តោតលើការផ្ទេរ Mazraoui

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាខ្សែការពារស្តាំវ័យ ២៦ឆ្នាំ ដែលត្រូវបានចាប់ទុកថាជាចំណែកលើសនៅក្លឹប Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានត្រៀមក្នុងការចាកចេញពី Old Trafford ក្រោយស្នាក់នៅទីនេះអស់ ៥ឆ្នាំ។ គាត់បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប West Ham ហើយរំពឹងថានឹងចុះហត្ថលេខាជាមួយក្លឹបញញួរធំដល់ឆ្នាំ២០២៩។

Aaron Wan-Bissaka

ពេលនេះ ក្លឹប West Ham កំពុងធ្វើការជាមួយ Manchester United ដើម្បីទម្លាក់តម្លៃផ្ទេរ។ ពួកគេបានផ្តល់នៅសំណើរដែលមានតម្លៃប្រមាណ ១០លានផោន ខណៈក្លឹប United បានទាមទារនៅតម្លៃប្រមាណ ១៨លានផោន។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប West Ham មានសុទិដ្ឋិនិយមថាការផ្ទេរមួយនេះអាចនឹងឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១០លានផោន។

នៅពេលដែលការផ្ទេររបស់កីឡាករ Wan-Bissaka ទៅ West Ham ត្រូវបានបញ្ចប់ ក្លឹបបិសាចក្រហមទំនងជាផ្តោតទៅលើការចុះហត្ថលេខាយកកីឡាករ Mazraoui ពីក្លឹប Bayern Munich ។ ខ្សែការពារសញ្ជាតិម៉ារ៉ុកចង់ចូលរួមជាមួយក្រុមនៅ Premier League ហើយក្លឹបទាំងពីរត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការផ្ទេរដែលមានតម្លៃប្រហែល ២១លានផោន។

Noussair-Mazraoui

កីឡាករ Wan-Bissaka បានចូលរួមជាមួយ Manchester United ពីក្លឹប Crystal Palace នៅរដូវក្តៅឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន ៥០លានផោន។ ក្នុងរយៈពេលប្រាំរដូវកាលរបស់គាត់នៅ Old Trafford គាត់បានបង្ហាញខ្លួនចំនួន ១៩០ដង ហើយស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១៣ដង។ គាត់បានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងការប្រកួត Pre-Season ហើយការប្រកួតរវាងក្លឹប United និង Liverpool នៅថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Williams-Brice ក្នុងរដ្ឋ South Carolina អាចជាការប្រកួតចុងក្រោយដែលគាត់នឹងពាក់អាវរបស់ក្លឹប United៕

Previous articleSpurs ត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយ Fulham ក្នុងការផ្ទេរយកកីឡាករ McTominay
Next articleBarca មានផែនការចុះហត្ថលេខាយក Cancelo និង Felix ដោយមិនបង់ប្រាក់ទៅអោយ Atletico និង Man City