បរទេស៖ កីឡាករ Guimaraes បានចូលរួមជាមួយក្លឹប Newcastle United ក្នុងការប្រកួត Pre-Season នៅប្រទេសជប៉ុន បន្ទាប់ពីការសម្រាក់ ហើយគាត់បានធ្វើជាប្រធានក្រុមក្នុងការប្រកួតមិត្តភាពរបស់ពួកគេជាមួយ Yokohama F. Marinos ។ ខ្សែបម្រើរូបនេះបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបញ្ជាក់ពីក្តីរំភើបរបស់គាត់ក្នុងការទទួលបានរដូវកាលថ្មីដែលកំពុងដំណើរការនៅ Newcastle ហើយបានទទូចថាគាត់ “មានការលះបង់ច្រើនជាងពេលណាទាំងអស់” សម្រាប់ក្លឹប។
កីឡាករ Guimaraes ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Newcastle នៅរដូវក្តៅនេះ ប៉ុន្តែមិនមានក្រុមណាមួយហ៊ានបង់នៅតម្លៃផ្តាច់កុងត្រារបស់គាត់ ដែលត្រូវបានគេដឹងថាប្រមាណ ១០០លានផោន ។ កីឡាករវ័យ ២៦ឆ្នាំ នៅសល់កុងត្រា ៤ឆ្នាំទៀតនៅ St James’ Park។
កីឡាករ Guimaraes បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានចាប់ផ្តើមរដូវកាលមួយផ្សេងទៀតជាមួយក្លឹបនេះ ហើយក្លឹបមួយនេះបានធ្វើរឿងយ៉ាងច្រើនសម្រាប់ខ្ញុំតាំងពីថ្ងៃដំបូងដែលបានមកដល់។ ខ្ញុំរីករាយក្នុងការត្រលប់មកវិញ និងបានរៀបចំខ្លួនបានច្រើនជាងមុនសម្រាប់រដូវកាលដ៏អស្ចារ្យ ហើយខ្ញុំនឹងជួយក្លឹប Newcastle អោយឈានដល់តំណែងដែលខ្ពស់បំផុត”។
“ក្តីសុបិន្តមួយទៀតបានក្លាយជាការពិត! ការក្លាយជាប្រធានក្រុមនេះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំតែងតែស្រមៃចង់បាន ប៉ុន្តែមិនធ្លាប់នឹកស្មានដល់! ពួកយើងនៅទីនេះជាមួយគ្នា ហើយខ្ញុំប្រាកដថាខ្ញុំនឹងលះបង់ច្រើនជាងពេលណាទាំងអស់សម្រាប់ក្លឹបនេះ”។
ក្លឹប Man City នៅតែរក្សាការកោតសរសើរចំពោះ Guimaraes ដោយក្រុមរបស់លោក Pep Guardiola នៅតែរំពឹងថានឹងពង្រឹងនៅតំបន់បម្រើរបស់ខ្លួននៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប City អាចផ្តោតការយកចិត្តទុកដាក់ចំពោះតារាឆ្នើម Euro ២០២៤ កីឡាករ Dani Olmo ខណៈគាត់ក៏មានព័ត៌មានចចាមអារ៉ាមយ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona ដូចគ្នា។ ទន្ទឹមនឹងនោះ Guimaraes អាចនឹងត្រូវបានតែងតាំងជាប្រធានក្រុម Newcastle ប្រសិនបើ Kieran Trippier ចាកចេញ ស្របពេលដែលប្រធានក្រុម Jamaal Lascelles ត្រូវអវត្តមានដោយសាររបួសរយៈពេលវែង៕