បរទេស៖ ក្លឹបតោខៀវ គឺជាក្លឹបមួយដែលសកម្មជាងគេនៅក្នុងទីផ្សាដោះដូរនារដូវក្តៅនេះ ដោយបានចុះហត្ថលេខាយកកីឡាករមួយចំនួនហើយ។ ពួកគេបានបរាជ័យក្នុងការផ្ទេរកីឡាករ Omorodion ពីក្លឹប Atletico Madrid ប៉ុន្តែពួកគេក៏យកបានខ្សែបម្រើស្លាប Neto របស់ក្លឹប Wolves ហើយឥលូវនេះពួកគេសង្ឃឹមថានឹងអាចយកបានកីឡាករ Victor Osimhen ពីក្លឹប Napoli ផងដែរ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ាបានប្រាប់ក្លឹបនៅអ៊ីតាលីថាគាត់ចង់ចាកចេញនៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សារបស់សារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹបតោខៀវនៅតែសម្លឹងរកមើលខ្សែប្រយុទ្ធម្នាក់ទៀតក្នុងជម្រើសពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន បើទោះបីជាពួកគេបានចំណាយប្រាក់យ៉ាងច្រើនរួចមកហើយ។ នៅពេលនេះក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ មានកីឡាករសរុបចំនួន ៤៤នាក់ ហើយពួកគេសម្លឹងរកមើលការលក់កីឡាករចេញខ្លះមុនទីផ្សារដោះដូរបិទ។
ក្នុងចំណោមឈ្មោះកីឡាករដែលអាចនឹងចាកចេញរួមមានកីឡាករ Raheem Sterling ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Juventus ខណៈក្លឹបនៅអ៊ីតាលីចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសដែលមានបទពិសោធន៍។
ក្រុមរបស់លោក Enzo Maresca នឹងប្រកួតជាមួយនឹងក្រុម Manchester City នៅថ្ងៃទី១៨ ខែសីហា នៅក្របខណ្ឌ Premier League៕