បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrice Hawkins បានអោយដឹងថាម្ចាស់ជើងឯក Ligue 1 បានចាប់ផ្តើមចរចាលើការផ្ទេរដ៏មានសក្តានុពលមួយ ខណៈកីឡាករ Sancho ក៏បង្ហាញអំពីបំណង់ចង់ផ្ទេរទៅកាន់ទីក្រុងប៉ារីសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរមួយនេះអាចនឹងមានការលំបាក ខណៈដែលក្លឹប United បានទាមទារនៅតម្លៃផ្ទេរ Sancho ច្រើនជាង ៦០លានអឺរ៉ូ។
គេជឿជាក់ថាការពិភាក្សារវាងក្លឹបទាំងពីរក៏ទាក់ទងទៅលក្ខខណ្ឌនៃការផ្ទេរ បើទោះបីជាគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានគេរំពឹងថានឹងអាចកើតឡើងនៅក្នុងសប្តាហ៍នេះ ដោយសារតែការចរចាមានភាពស្មុគស្មាញ។ ការពិភាក្សាដែលកំពុងបន្តជាមួយ PSG ក៏រួមបញ្ចូលការពិភាក្សាអំពីខ្សែបម្រើ Manuel Ugarte ផងដែរ។ United ចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែលពួកគេព្យាយាមពង្រឹងក្រុមរបស់ពួកគេឡើងវិញមុនរដូវកាលថ្មីដែលនឹងមកដល់នៅសប្តាហ៍នេះ។
បិសាចក្រហមបានចំណាយលុយទៅលើ Lenny Yoro, Matthijs de Ligt, Joshua Zirkzee និង Noussair Mazraoui នៅរដូវក្តៅនេះ ហើយពួកគេត្រូវលក់កីឡាករមួយចំនួនចេញ ដើម្បីអាចនាំយកកីឡាករមកបន្ថែមទៀត។ កីឡាករ Ugarte នៅតែជាអាទិភាពសម្រាប់លោក Erik ten Hag ហើយការលក់កីឡាករ Sancho អាចផ្តល់នូវភាពស្ថេរភាពសម្រាប់ផ្នែកហិរញ្ញត្ថុផងដែរ។ កីឡាករអ៊ុយរូហ្គាយដែលបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man Utd មិនបានចូលរួមហ្វឹកហាត់ជាមួយក្លឹប PSG កាលពីថ្ងៃអង្គារនោះទេ ដែលនេះបានបង្ហាញថាការផ្ទេរគាត់អាចកើតឡើងក្នុងពេលឆាប់ៗខាងមុខ។
ការផ្ទេរ Sancho កើតឡើងនៅពេលដែលកីឡាករ Kylian Mbappe បានចាកចេញពី PSG ទៅចូលរួមជាមួយនឹងក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន។ ជាមួយនឹងការចាកចេញរបស់លោក Mbappe ធ្វើអោយលោក Luis Enrique ត្រូវការខ្សែបម្រើស្លាបដែលមានគុណភាពខ្ពស់ជាបន្ទាន់ ដើម្បីបំពេញចន្លោះប្រហោងដែលបន្សល់ដោយអតីតប្រធានក្រុមរូបនេះ៕