បរទេស៖ កីឡាករ Rowe ដែលបានបញ្ចប់ការសិក្សាពីសាលាបាល់ទាត់របស់ក្លឹប Man United បានត្រលប់មកក្លឹបវិញបន្ទាប់ពីចាកចេញអស់រយៈពេល ២១ឆ្នាំ។ ខ្សែបម្រើរូបនេះបានលេងឱ្យក្រុមដូចជា Wolves, Bristol City និង Doncaster Rovers ក្នុងអាជីពរបស់គាត់អស់រយៈពេល ១៧ឆ្នាំ ដោយបានបង្ហាញខ្លួន ៦៥០ប្រកួត មុននឹងត្រលប់ទៅអតីតក្លឹបរបស់គាត់វិញ។
ខណៈពេលដែល Rowe បានត្រលប់ទៅ Old Trafford គាត់នឹងមិនស្ថិតនៅផ្នែកណាមួយនៃក្រុមឈុតធំនោះទេ។ ជំនួសមកវិញ គាត់នឹងទទួលតួនាទីជាកីឡាករផង និងគ្រូបង្វឹកផងនៅក្នុងក្រុមអាយុក្រោម ២១ឆ្នាំរបស់ក្លឹបជំនួសលោក Tom Huddlestone ដែលបានចាកចេញពីក្រុមនៅចុងបញ្ចប់នៃរដូវកាល ២០២៣/២៤ ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះក៏អាចមានវត្តមាននៅក្នុងការប្រកួតពានរង្វាន់ EFL Trophy មួយចំនួនផងដែរ ដោយសារការប្រកួតអនុញ្ញាតឱ្យមានកីឡាកររហូតដល់ ៥នាក់សម្រាប់ក្រុម U២១ ។
សារព័ត៌មាន The Sun បានដោយដកស្រង់ការបញញជាក់របស់ក្លឹបបិសាចក្រហមថា៖ “គាត់នឹងបង្កើតឱកាសអភិវឌ្ឍន៍ប្លែកៗសម្រាប់កីឡាកររបស់ United’s Academy ដោយការបង្វឹកពីក្នុងវគ្គហ្វឹកហាត់ និងជំរុញស្តង់ដារប្រចាំថ្ងៃទាំងនៅក្នុង និងក្រៅទីលាន”។
ក្រុមរបស់លោក Erik ten Hag បានចាប់ផ្តើមរដូវកាលជាមួយនឹងសុបិន្តដល់អាក្រក់ ដោយបានចាញ់ពីរលើកក្នុងចំណោមការប្រកួត Premier League បីលើកដំបូងរបស់ពួកគេ រួមទាំងការបរាជ័យដ៏អាម៉ាស់ក្រោមទ្វៃដៃរបស់ក្លឹប Liverpool កាលពីថ្ងៃអាទិត្យមុន។ ពួកគេនឹងវិលត្រលប់មកធ្វើការប្រកួតវិញនៅថ្ងៃទី១៤ ខែកញ្ញា ជាមួយនឹងក្លឹប Southampton៕