បរទេស៖ ក្លឹប United ធ្លាប់ធ្វើការពិភាក្សាជាមួយអតីតគ្រូបង្វឹក Chelsea និង Bayern Munich លោក Tuchel នៅរដូវក្តៅនេះ ខណៈដែលពួកគេបានពិចារណាបណ្តេញ Ten Hag បន្ទាប់ពីរដូវកាលដ៏គួរឱ្យអាក្រក់មួយដែលបិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុង Premier League បើទោះបីជាពួកគេអាចឈ្នះពានរង្វាន់ FA Cup ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ Tuchel បានបដិសេធពួកគេ ហើយក្លឹប Man Utd បានជ្រើសរើសឱ្យលោក Ten Hag បន្តកិច្ចសន្យា។ គ្រូបង្វឹករូបនេះ ឃើញខ្លួនឯងស្ថិតនៅក្រោមសម្ពាធម្តងទៀត ចំពេលក្រុមរបស់គាត់ចាប់ផ្តើមរដូវកាលដ៏លំបាក ហើយអតីតខ្សែការពារក្រុម Arsenal និង Chelsea លោក William Gallas បានផ្តល់យោបល់ឱ្យថ្នាក់ដឹកនាំក្លឹបបិសាចក្រហមចាប់ផ្តើមធ្វើការបញ្ចុះបញ្ចូលលោក Tuchel ជាថ្មីម្តងទៀត។
លោក Gallas បាននិយាយប្រាប់ Gambling Zone ថា៖ “Thomas Tuchel អាចជាដំណោះស្រាយចំពោះបញ្ហារបស់ Manchester United ។ ប្រសិនបើគាត់ចូលមកក្នុងក្លឹប ហើយត្រូវបានផ្តល់ពេលវេលាឱ្យរយៈពេល ២ឆ្នាំដើម្បីបង្កើតក្រុមរបស់គាត់ ក្លឹបនឹងស្ថិតក្នុងស្ថានភាពខុសគ្នាទាំងស្រុងទៅនឹងអ្វីដែលមាននាពេលបច្ចុប្បន្ននេះ។ កាលនៅ Chelsea លោក Tuchel បានរៀបចំក្រុម ហើយកីឡាករក៏គោរពគាត់ ហើយគាត់បានឈ្នះពាន Champions League ក៏ដូចជាពានរង្វាន់ផ្សេងទៀត។ អ្នកអាចមើលឃើញថាហេតុអ្វីបានជាគាត់ទទួលបានជោគជ័យ ហើយប្រហែលជាគាត់មិនត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការផ្លាស់ប្តូរ”។
បន្ទាប់ពីចាញ់ Brighton ហើយបន្ទាប់មកចាញ់ Liverpool ធ្វើអោយក្លឹបបិសាចក្រហមមានត្រឹមតែបីពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាក Premier League ចំនួន ៣ប្រកួតរបស់ពួកគេក្នុងរដូវកាល ២០២៤-២៥។ លោក Ten Hag សង្ឃឹមថានឹងអាចបន្ធូរបន្ថយសម្ពាធខ្លះដែលគាត់កំពង់ប្រឈមមុខដោយត្រូវដឹកនាំក្រុមឱ្យឈ្នះលើ Southampton ដែលមានសូន្យពិន្ទុនៅថ្ងៃទី១៤ ខែកញ្ញា៕