បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេសបានចែកផ្លូវជាមួយលោក Gareth Southgate កាលពីដើមរដូវក្តៅនេះ បន្ទាប់ពីបរាជ័យដ៏គួរឲ្យសោកស្ដាយក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបជាមួយនឹងក្រុមអេស្ប៉ាញ។ លោក Southgate បានលាលែងពីតួនាទីរបស់គាត់ បន្ទាប់ពីនាំក្រុមជម្រើសជាតិអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euros ចំនួនពីរលើកជាប់ៗគ្នា។
បន្ទាប់ពីការចាកចេញរបស់បុរសវ័យ ៥៤ឆ្នាំ សហព័ន្ធបាល់ទាត់អង់គ្លេសបានតែងតាំងគ្រូបង្វឹកជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ លោក Lee Carsley ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន។ ខណៈពេលដែលតោទាំងបីបានបំពេញការងារបានយ៉ាងល្អក្រោមការដឹកនាំរបស់ Carsley រហូតមកដល់ពេលនេះ ដោយបានឈ្នះការប្រកួត Nations League ចំនួនពីរលើកដំបូងរបស់ពួកគេជាមួយនឹងក្រុមអៀរឡង់ និងហ្វាំងឡង់។ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថាសហព័ន្ធបាល់ទាត់អង់គ្លេសប្រហែលជាមិនប្រគល់ការងារជាអចិន្ត្រៃយ៍ដល់លោក Carsley ខណៈដែលពួកគេបានចាប់ផ្តើមស្វែងរកបេក្ខភាពផ្សេងទៀត។
ប្រភពដដែលបានបន្ថែមថាសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំបញ្ជីជ្រើសរើសអ្នកចាត់ការទូទៅដែលអាចនឹងមកដឹកនាំក្រុមជម្រើសជាតិនៅប៉ុន្មានខែខាងមុខនេះ។ លោក Eddie Howe របស់ Newcastle United និងអតីតគ្រូបង្វឹក Chelsea លោក Graham Potter និង Frank Lampard គឺជាបុរសសញ្ជាតិអង់គ្លេសដែលកំពុងត្រូវបានពិចារណា។ សម្រាប់អ្នកចាត់ការមិនមែនជាសញ្ជាតិអង់គ្លេសរួមមានលោក Pep Guardiola គ្រូបង្វឹក Manchester City ក៏ស្ថិតនៅក្នុងជម្រើសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស។
សម្រាប់ពេលនេះ លោក Guardiola នៅតែផ្តោតលើក្រុម Manchester City ដែលមានបំណងបន្តការឈ្នះការប្រកួត Premier League ចំនួនបួនជាបន្តបន្ទាប់នៅថ្ងៃសៅរ៍នេះ ខណៈដែលពួកគេនឹងត្រូវទទួលក្រុម Brentford៕