បរទេស៖ ម្ចាស់ជើងឯក Premier League ដែលបានឈ្នះពាន ៤ដងជាប់គ្នា ត្រៀមក្នុងការដោះស្រាយចំពោះករណី Financial Fair Play ដែលអូសបន្លាយជាយូររបស់ពួកគេ។ ដំណើរកាលនៃសវនាការនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទខាងមុខនេះ ហើយនឹងអាចបញ្ចប់នៅចុងឆ្នាំនេះ។
ក្លឹប City ប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិហិរញ្ញវត្ថុក្នុងរយៈពេលប្រាំបួនឆ្នាំចាប់ពីឆ្នាំ២០០៩ ដោយពួកគេអាចនឹងទទួលនៅទណ្ឌកម្មផ្សេងៗ ប្រសិនជាពួកគេត្រូវបានរកឃើញថាមានកំហុសក្នុងការគ្រប់គ្រងរូបិយវត្ថុពិតមែន។ ការពិន័យទាំងនោះមានចាប់ពីការផាកពិន័យ រហូតដល់ការដកតំណែងចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុកីឡាបាល់ទាត់លោក Kieran Maguire បានប្រាប់ talkSPORT អំពីផលវិបាកដែលអាចកើតមានសម្រាប់ Man City ប្រសិនបើការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេតាមផ្លូវច្បាប់ថា៖ “វាមិនអាចជាការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុនោះទេ ដែលនឹងធ្វើឱ្យមនុស្សគ្រប់គ្នាគិតថារឿងទាំងមូលគឺជាការខ្ជះខ្ជាយពេលវេលា។ ប្រសិនបើអ្នកក្រឡេកមើលសវនាការចំពោះក្លឹប Everton និង Nottingham Forest គណៈកម្មការបាននិយាយថា នេះគឺជាការបំពានច្បាប់តិចតួច”។
“ឥឡូវនេះ ប្រសិនបើការចោទប្រកាន់ប្រឆាំងនឹង Manchester City ត្រូវបានបញ្ជាក់ពិតមែន នោះច្បាស់ណាស់ថាជាការរំលោភបំពានច្បាប់ដ៏ធំ ខណៈដែលក្លឹបមិនបានបង្ហាញនៅចំណូលរបស់ខ្លួន ក្លឹបក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការបង់ប្រាក់ដល់កីឡាករ និងអ្នកគ្រប់គ្រង តាមរយៈការប្រើប្រាស់ភ្នាក់ងារទី៣ជាអ្នកធ្វើការលើរឿងនេះ”។
“ប្រសិនបើការចោទប្រកាន់ទាំង ១១៥ករណីត្រូវបានសម្រេច នោះអ្នកនឹងស្រមៃថាការកាត់ពិន្ទុនឹងកើតឡើងនៅចន្លោះពី ៦០ ទៅ១០០ពិន្ទុ ហើយវាអាចនឹងធ្វើអោយក្លឹបធ្លាក់ទៅកាន់ division”។
ក្លឹប Man City នៅតែប្រកាន់ជំហមថាពួកគេគ្មានកំហុស និងបន្តប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់សម្រាប់ករណី FFP ដើម្បីលាងឈ្មោះរបស់ពួកគេ។ រាល់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលចេញដោយ Premier League នឹងអាចអូសបន្លាយដល់ឆ្នាំ២០២៥៕