បរទេស៖ កីឡាករ Ansu Fati បានត្រលប់មកកាន់ក្លឹបយក្សកាតាឡានវិញនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលមួយឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Brighton នៅ Premier League ។ ខ្សែបម្រើស្លាបវ័យ ២១ ឆ្នាំដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាអ្នកស្នងមរតករបស់ Lionel Messi នៅឯក្លឹប Barcelona ឥឡូវនេះកំពុងជួបការលំបាកក្នុងការទទួលបានពេលវេលាលេង និងអាចពិចារណាក្នុងការចាកចេញពីក្លឹបជាអចិន្ត្រៃយ៍ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក Mourinho គ្រូបង្វឹករបស់ Fenerbahce ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាកររូបនេះ ហើយកំពុងសង្ឃឹមថានឹងយកគាត់មកកាន់ទឹកដីទួរគីក្នុងទីផ្សារដោះដូរនាខែមករា។ យកផ្នែកកីឡារបស់ Fenerbahce លោក Mario Branco ត្រូវបានគេរំពឹងថានឹងទៅជួបអ្នកតំណាងរបស់កីឡាករសញ្ជាតិអេស្ប៉ាញក្នុងពេលឆាប់ៗនេះ។ ពួកគេមានទំនុកចិត្តថាពួកគេអាចទាក់ទាញ Ansu ទៅកាន់ប្រទេសទួរគីជាមួយនឹងការផ្តល់ជូនពេលវេលាលេងយ៉ាងទៀងទាត់។
លោក Mourinho ក៏ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើអតីតខ្សែការពារដែលធ្លាប់លេងខ្ចីជើងនៅ Man Utd និងជាកីឡាកររបស់ Spurs គឺ Sergio Reguilon។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានត្រលប់ទៅភាគខាងជើងទីក្រុងឡុងដ៍នៅរដូវក្តៅនេះ បន្ទាប់ពីបានខ្ចីជើងចំនួន ៣ដងក្នុងរយៈពេល ២ឆ្នាំមកនេះ ទោះជាយ៉ាងណាក៏ដោយ គាត់មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុមរបស់លោក Ange Postecoglou នៅរដូវកាលនេះទេ។
ក្រុមរបស់លោក Mourinho ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៤ ក្នុងក្របខ័ណ្ឌទួរគី Super Lig នឹងត្រលប់មកវិញនៅថ្ងៃអាទិត្យនេះ ខណៈដែលពួកគេជួបក្រុម Samsunspor ក្នុងការប្រកួតលីកទួរគី៕