បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាការតស៊ូរបស់ក្លឹប Newcastle United ក្នុងរដូវកាល ២០២៤/២៥ ដែលកំពុងបន្ត បានបង្កឱ្យមានការរំពឹងទុកថាខ្សែបម្រើ Bruno Guimaraes អាចពិចារណាការផ្ទេរទៅកាន់ក្លឹប Manchester City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។
កីឡាករសញ្ជាតិប្រេស៊ីលដែលថ្មីៗនេះបានប្តេជ្ញាចិត្តក្នុងបន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លឹប Newcastle បានសម្តែងការខកចិត្តបន្ទាប់ពីទម្រង់លេងមិនល្អរបស់ក្រុមក្នុងការចាញ់ក្លឹប Brentford ហើយមិនបានទប់អារម្មណ៍ក្នុងការរិះគន់មិត្តរួមក្រុមរបស់គាត់ដោយឆ្លុះបញ្ចាំងពីការមិនពេញចិត្តរបស់ខ្លួនចំពោះទម្រង់លេងបច្ចុប្បន្នរបស់ក្លឹប។
ស្របពេលជាមួយគ្នានេះ អ្នកចាត់ការ Manchester City លោក Pep Guardiola ត្រូវបានរាយការណ៍ថាចង់ផ្ទេរយកកីឡាករ Guimaraes មកជំនួសកន្លែងកីឡាករ Rodri ដែលត្រូវអវត្តមានដោយសាររបួសយ៉ាងហោចណាស់ប្រាំមួយខែ។ ហើយខ្សែបម្រើរូបនេះបើកចំហចំពោះលទ្ធភាពចូលរួមជាមួយក្រុមជើងឯក Premier League ដែលអាចធ្វើការផ្ទេរយកគាត់ក្នុងខែមករាខាងមុខនេះ៕



