បរទេស៖ កីឡាករ Alexander-Arnold ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Real Madrid ខណៈកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅ។ ខ្សែការពារស្តាំអាចពិភាក្សាអំពីការផ្ទេរទៅកាន់ក្លឹបបរទេសក្នុងខែមករា ហើយរបាយការណ៍បានណែនាំថា Real Madrid អាចដាក់សំណើផ្ទេរសម្រាប់កីឡាករអន្តរជាតិអង់គ្លេស នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខនេះ។

កីឡាករ Alexander-Arnold នៅតែជាកីឡាករសំខាន់សម្រាប់ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Arne Slot ដោយបង្ហាញខ្លួនបាន ១៨ដងក្នុងគ្រប់ការប្រកួតទាំងអស់។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានបដិសេធមិនផ្តល់ការចង្អុលបង្ហាញណាមួយថាតើគាត់មានគម្រោងបន្តនៅក្លឹប Liverpool ឬក៏ចាកចេញទៅកាន់ប្រទេសអេស្ប៉ាញ។
កីឡាករ Alexander-Arnold បានប្រាប់ Sky Sports ថា “ខ្ញុំបាននៅក្លឹបនេះ ២០ឆ្នាំហើយ ខ្ញុំបានពន្យាកុងត្រា ៤ ឬ ៥ដងមកហើយ ហើយការពន្យាកុងត្រាទាំងនោះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ហើយរឿងនេះក៏នឹងមិនមានដែរ”។
គាត់ក៏បានអះអាងផងដែរថាគាត់នៅតែផ្តោតលើការឈ្នះ “ពានរង្វាន់ជាច្រើន” នៅរដូវកាលនេះ។ លោកបានបន្ថែមថា “ខ្ញុំគិតថាយើងឈ្នះពានរង្វាន់ជាច្រើន។ ខ្ញុំគិតថានោះជាកម្រិតដែលយើងកំពុងស្ថិតនៅ នោះជាកម្រិតដែលយើងបានបង្ហាញថាយើងមានសមត្ថភាព យកឈ្នះក្រុមល្អបំផុតក្នុងពិភពលោក”។

ក្លឹប Liverpool ប្រកួតជាមួយ Fulham នៅថ្ងៃសៅរ៍។ ពួកគេមានបួនពិន្ទុដាច់ក្រុម Chelsea នៅលើកំពូលតារាង Premier League៕



