បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេស Rashford បានសារភាពថា រូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មីមួយ បន្ទាប់ពីបានតស៊ូនៅក្នុងក្រុមបិសាចក្រហម។ ក្លឹបយក្សនៅ Premier League នឹងស្តាប់នៅរាល់សំណើរសម្រាប់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ។
ការស្វែងរកអ្នកទិញអាចជារឿងពិបាក ខណៈដែលកីឡាករ Rashford ទទួលបានប្រាក់ឈ្នួលប្រមាណ ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍។ តម្លៃខ្លួនរបស់គាត់ត្រូវបានរាយការណ៍បានធ្លាក់ចុះមកនៅត្រឹមតែ ៤០លានផោនប៉ុណ្ណោះ ប៉ុន្តែមានក្លឹបមួយចំនួនអាចមានលទ្ធភាពសមស្របនឹងប្រាក់ខែរបស់គាត់ ជាពិសេសក្លឹបនៅអឺរ៉ុប។
នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Rashford អាចត្រូវបានផ្តល់ឱកាសក្នុងការទៅលេងនៅ Saudi Pro League ។ ក្លឹប Al-Nassr ដែលមានវីរបុរសបិសាចក្រហម Ronaldo បានចាប់អារម្មណ៍លើកីឡាករ Rashford ហើយក៏មានក្លឹបមួយចំនួនទៀតដូចជា Al-Ittihad, Al-Hilal និង Al-Ahli ។
ក្លឹប Al-Ittihad មានកូតាពេញហើយសម្រាប់កីឡាករបរទេសនៅក្នុងក្រុមរបស់ពួកគេ ប៉ុន្តែប្រហែលជាមានកិច្ចព្រមព្រៀងមួយដែលត្រូវធ្វើនៅកន្លែងផ្សេង។ ទោះជាយ៉ាងណាក៏ដោយ Rashford ចង់បន្តនៅក្នុងការប្រកួតអឺរ៉ុប ចំពេលមានទំនាក់ទំនងជាមួយក្លឹបយក្ស Ligue 1 គឺក្លឹប PSG ហើយនៅតែចង់ស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គាត់ឡើងវិញក្នុងកម្រិតខ្ពស់បំផុត។
នៅពេលដែល Saudi Pro League បានឈានដល់ការសម្រាករដូវរងារ វាត្រូវបានរំពឹងទុកថាការផ្ទេរណាមួយរបស់ក្រុមនៅមជ្ឈិមបូព៌ានឹងអាចធ្វើឡើងនៅរដូវក្តៅក្រោយ ជាជាងនៅក្នុងខែមករា។ វានឹងផ្តល់ពេលវេលាសម្រាប់ Rashford ដើម្បីពិចារណាលើជម្រើសរបស់គាត់ មុនពេលធ្វើការសម្រេចចិត្តសម្រាប់អនាគតរបស់គាត់៕