បរទេស៖ ក្លឹប Barcelona បានទទួលព័ត៌មានដ៏អាក្រក់នៅពេលដែល La Liga បានច្រានចោលការប៉ុនប៉ងរបស់ពួកគេក្នុងការចុះឈ្មោះ Olmo មុនពេលផុតកំណត់ខែមករា ដោយធ្វើឱ្យក្លឹបយក្សកាតាឡានស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនច្បាស់លាស់។ បច្ចុប្បន្ន Olmo គឺជាកីឡាករគ្មានតម្លៃខ្លួន។ ទោះបីជាបែបនេះក៏ដោយ ភ្នាក់ងាររបស់គាត់គឺលោក Andy Bara បានបញ្ជាក់ទៅកាន់ Fabrizio Romano ថាកីឡាករមានបំណង់ចង់ “បន្តនៅ Barcelona” ហើយថាពួកគេ “មិនពិចារណាជម្រើសផ្សេងទៀតទេ” ។ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានការណ៍មិនត្រូវបានដោះស្រាយទេ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសម្រាប់ Barcelona អាចនឹងមានភាពភ្ញាក់ផ្អើល។
ក្លឹប Barcelona នឹងនៅតែជំពាក់ប្រាក់ឈ្នួល Olmo ចំនួន ៤១លនាផោនសម្រាប់កុងត្រាដែលនៅសល់របស់គាត់ ដែលមានសុពលភាពដល់ឆ្នាំ២០៣០ បើទោះបីជាគាត់ចាកចេញពីក្លឹបក៏ដោយ។ លើសពីនេះ ក្លឹបនៅតែមានកាតព្វកិច្ចបង់ប្រាក់ឱ្យ RB Leipzig ចំនួន ៤៧លានផោនទៀត ជាផ្នែកនៃកិច្ចព្រមព្រៀងផ្ទេរនៅពេលដែលពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ។ លើសពីនេះទៅទៀត ក្លឹប Barcelona នឹងខកខានតម្លៃផ្ទេរដ៏មានសក្តានុពលសម្រាប់កីឡាករ Olmo ដែលតម្លៃទីផ្សារបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា ៥៣លានផោន ដោយ Transfermarkt។
វិបត្តិហិរញ្ញវត្ថុដែលនៅតែបន្តនៅក្លឹប Barcelona។ ថ្មីៗនេះ Barcelona បានលក់កញ្ចប់ VIP នៅ Spotify Camp Nou ក្នុងតម្លៃ ៨៧លានផោន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្កើតប្រាក់ចំណូលកំឡុងពេលជួសជុលកីឡដ្ឋានដែលកំពុងបន្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿថា ក្លឹបអាចទទួលបានប្រាក់ចំនួនពីរដង ពីលើតម្លៃ ៨៧លានផោន ប្រសិនបើការលក់ត្រូវបានធ្វើឱ្យប្រសើរត្រឹមត្រូវ។ នៅពេលដែលតួលេខទាំងអស់នេះត្រូវបានបញ្ចូលគ្នា ការខាតបង់ដែលអាចកើតមានលើសពី ២១៨លានផោន ដែលជាទឹកប្រាក់សរុបអាចនឹងត្រូវបាត់បង់។ ខណៈពេលដែលអ្នកគាំទ្រមួយចំនួនមានសង្ឃឹមយ៉ាងមុតមាំថា Barcelona អាចចុះឈ្មោះកីឡាករ Dani Olmo អោយបានមុនថ្ងៃទី៣ ខែមករា ដែលវាជាភាពទុទិដ្ឋិនិយមមួយរបស់ក្លឹប និងអ្នកគាំទ្រ។
នេះមិនមែនគ្រាន់តែជាវិបត្តិបាល់ទាត់ទេ វាជាមហន្តរាយផ្នែកហិរញ្ញវត្ថុដែលអាចមានឥទ្ធិពលយូរអង្វែងលើប្រតិបត្តិការ និងមហិច្ឆតារបស់ក្លឹប។ ជាមួយនឹងកាតព្វកិច្ចកើនឡើង និងការថយចុះនៃលំហូរប្រាក់ចំណូល ក្រុមយក្សកាតាឡានប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដើម្បីធ្វើឱ្យគណនីរបស់ពួកគេមានស្ថេរភាព។ ខណៈដែលរឿងរ៉ាវបានលាតត្រដាង ក្លឹប Barcelona នឹងត្រូវដើរទៅមុខដោយគ្មាន Dani Olmo។ ក្រុមនេះនឹងត្រូវជួបក្រុម Barbastro ក្នុងពាន Copa del Rey នៅថ្ងៃសៅរ៍។ បន្ទាប់មក ពួកគេនឹងប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa de España ទល់នឹង Athletic Club ៕