បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Tobi Altschaffl និង Christian Falk អ្នកសារព័ត៌មានរបស់ BILD បានអោយដឹងថាក្រុមប្រឹក្សាភិបាលរបស់ Bayern បានយល់ព្រមលើការចំណាយប្រហែល ១២០លានអឺរ៉ូលើការបន្តកុងត្រារបស់កីឡាករ Alphonso Davies ។ ចំនួនទឹកប្រាក់សរុបនឹងរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍របស់កីឡាករសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ប្រាក់បន្ថែម និងប្រាក់រង្វាន់។ ខណៈដែលចំនួននេះមានកម្រិតខ្ពស់ខ្លាំង ក្លឹបជឿជាក់ថាពួកគេនឹងត្រូវចំណាយច្រើនទៀត ប្រសិនបើពួកគេបោះបង់កីឡាករសញ្ជាតិកាណាដារូបនេះ ហើយស្វែងរកអ្នកផ្សេងមកជំនួសវិញ។

ប្រភពដដែលបានបន្ថែមទៀតថាជាមួយនឹងការចំណាយលើប្រាក់ឈ្នួលបច្ចុប្បន្នរបស់ក្លឹប Bayern ដែលមានចន្លោះពី ៣២០ ទៅ ៣៤០លានអឺរ៉ូ ហើយពួកគេមានគម្រោងបញ្ចុះវាមកនៅត្រឹម ៣០០លានអឺរ៉ូ។ ជាមួយនឹងពន្យាកុងត្រា ក៏ដូចជាដំឡើងប្រាក់ឈ្នួលរបស់កីឡាករ Davies ហើយកីឡាករផ្សេងទៀតដូចជា Jamal Musiala និង Joshua Kimmich ក៏ត្រូវបានមើលឃើញថាក៏ត្រូវបានមើលឃើញថាត្រូវតម្លើងប្រាក់ឈ្នួលដូចគ្នា។ ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga បានពិភាក្សាអំពីផែនការមួយដើម្បីលក់កីឡាករដែលមិនមានទម្រង់ល្អ ហើយមានប្រាក់ឈ្នួលខ្ពស់ បន្ទាប់មកនឹងចុះហត្ថលេខាយកកីឡាករដែលមានតម្លៃទាប ដើម្បីមកបំពេញគោលដៅនៃការកាត់បន្ថយប្រាក់ឈ្នួលសរុបរបស់ក្លឹប។
ក្លឹប Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្ទេរយកកីឡាករ Davies ប៉ុន្តែជាមួយនឹងកីឡាកររូបនេះនឹងបន្តស្នាក់នៅទឹកដី Allianz Arena ធ្វើអោយពួកគេផ្តោតលើការផ្ទេរយកកីឡាករ Trent Alexander-Arnold របស់ Liverpool ។

ក្រុម Bayern របស់ Vincent Kompany នឹងត្រលប់មកវិញនៅថ្ងៃពុធ ខណៈដែលពួកគេប្រកួតជាមួយ Slovan Bratislava ក្នុងការប្រកួត Champions League៕



